សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ប៉ាទ្រីក មូហ្វ៊ី ( W.patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា កន្លងទៅនេះ នៅវិមានមិត្តភាពនាទីស្តីការគណៈរដ្ឋមន្ត្រី។
សម្តេចពិជ័យសេនាទៀ បាញ់ បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលរយៈពេលកន្លងមកបានជួយហ្វឹក
ហ្វឺនដល់កងទព័កម្ពុជាដូចជាវិស័យដោះមីន សន្តិសុខលំហរសមុទ្រ សង្គ្រោះគ្រោះហន្តរាយ និង ជំនាញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ សម្តេចពិជ័យសេនាបានបញ្ជាក់ថា ៖ នៅក្នុងឆ្នាំ២០០៩-២០១០ សហរដ្ឋ អាមេ រិកបានជួយសាងសង់សាលាហ្វឹកហ្វឺនរក្សាសន្តិភាព ACO នៅខេត្តកំពង់ស្ពឺ ព្រមទាំងបានផ្តល់នៅសម្ភារៈមួយ ចំនួនទៀតនិងជួយគាំទ្រឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងលំហាត់ហ្វឹកហ្វឺន GPOI ឆ្មាំអង្គរ ២០១០ ។ តាមរយះលំហាត់ហ្វឹកហ្វឺន GPOI នេះ បានធ្វើអោយកងទ័ពកម្ពុជាចេញទៅបំពេញបេសសកម្មរក្សាសន្តិភាពនៅបរទេសកាន់តែមានការកើនឡើង ។
សម្តេចពិជ័យសេនាបានបញ្ជាក់បន្ថែមថា ៖ជោគជ័យនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជាគឺមិនអាចកាត់ផ្ដាច់បានពីការគាំទ្ររបស់សហរដ្ឋអាមេរិក ។ ប៉ុន្តែជាចុងក្រោយទំនាក់ទំនងទ្វេភាគីរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា អាមេរិកមានការរអាក់រអួលដោយសារព្រឹត្តការណ៍នយោបាយ ជាពិសេសការប្រឈមនឹងវិបត្តិជំងឺកូវីដ-19 ។

ឯកឧត្តម.ប៉ាទ្រីក មូហ្វ៊ី (W.patrick Murphy) បានសំដែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការយោធាកន្លងមករវាងកងទ័ពទាំងពីរ កម្ពុជា និង សហរដ្ឋ អាមេរិក ។
ជាពិសេសការចូលរួមរបស់កម្ពុជាក្នុងបេសសកកម្មរក្សាសន្តិភាព ដែលជាកាតបស្នងទៅនឹងអង្គការសហ ប្រជាជាតិ។
ឯកឧត្តម.ប៉ាទ្រីក មូហ្វ៊ី ក៏បានលើកយកបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាមមកពិភាក្សាជាមួយសម្ដេចពិជ័យសេនាទៀបាញ់ផងដែរ។ សម្ដេចពិជ័យសេនាទៀបាញ់បានបញ្ជាក់ថា ៖ មូលដ្ឋានកងទ័ពជើងទឹករាមមានទំហំតូច ទឹករាក់ មិនឆ្លើយតបទៅនឹងកប៉ាល់ ឬ នាវាធំៗ ចូលបាន។

ដូច្នេះ ការអភិវឌ្ឍមូលដ្ឋានកងទ័ពពជើងទឹករាមនេះគឺសំរាប់កងទ័ពជើងទឹកកម្ពុជាប្រើប្រាស់តែប៉ុណ្ណោះ។ សម្តេចបានបញ្ជាក់ថា: គំរោងការប្រែក្លាយជាមូលដ្ឋានសមុទ្ររាមជាកំពង់ផែអន្តរជាតិនេះត្រូវបានធ្វើការសិក្សាអស់រយះ ពេលជាង ១០ ឆ្នាំមកហើយ ។
បន្ទាប់ពីអភិវឌ្ឍន៍រួច កំពង់ផែនេះនឹងទទួលការចូលចតគ្រប់នាវាទាំងអស់។
សម្តេចពិជ័យសេនា ទៀ បាញ់បានសង្កត់ធ្ងន់ថា៖ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងច្បាស់គឺមិនឱ្យ មានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីកម្ពុជាឡើយ។ ទាក់ទងទៅនឹងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីការប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកនៅរាម សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា៖ ការប្រើប្រាស់មូលដ្ឋានរាមនេះផ្តាច់មុខជារបស់កម្ពុជា មិនមែនជារបស់ផ្តាច់មុខ របស់កងទ័ពបរទេសនោះទេ៕






