
សម្ដេចក្រឡាហោម ស ខេង នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងថា ពេលនេះ ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ខ្ញុំគិតថា ក្នុងស្ថានភាពបច្ចុប្បន្នក្នុងកម្រិតប៉ុណ្ណឹង ប្រហែលជាមិនទាន់មានទេ តែប្រសិនណាជាស្ថានភាពកាន់តែរីកកើនចំនួនអ្នកឆ្លងមេរោគ COVID-19 គឺជៀសមិនផុតឡើយ។
សម្ដេច ស ខេង ក៏បានណែនាំឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវធ្វើការស្រង់បញ្ជីចំនួនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ឲ្យបានច្បាស់លាស់ ព្រោះតាមតួលេខ
ពីអគ្គស្នងការនគរបាលជាតិ ចំនួនពលករខ្មែរដែលបានចាកចេញពីប្រទេសថៃ ក្រោយប្រកាសបិទព្រំដែនបណ្ដោះអាសន្នជាមួយកម្ពុជា មានចំនួនប្រមាណ ២១.០០០នាក់។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយសូមព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឲ្យស្ថិតនៅក្នុងគ្រាមានអាសន្ន បើសិនជាមានករណីឆ្លងជំងឺកូវីដ១៩ បន្តរីករាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា៕