ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានចាត់ទុកអាស៊ាន គឺជាបេះដូង របស់សហរដ្ឋអាមេរិក ដោយប្តេជ្ញាបន្តធ្វើការជាមួយអាស៊ាន ក្នុងការដោះស្រាយ បញ្ហាប្រឈមនានា ក្នុងតំបន់ និងសកលលោក។ លោកប្រធានាធិបតីអាមេរិក បញ្ជាក់ថា សហរដ្ឋអាមេរិក នឹងស្នើកញ្ចប់ថវិកាប្រមាណ៨០០លានអាមេរិកដល់បណ្តាប្រទេសក្នុងតំបន់អាស៊ី។ ប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏នឹងរួមជាមួយប្រទេសក្នុងតំបន់អាស៊ាន ធ្វើ ការដោះស្រាយបញ្ហាប្រឈមនានា ពិសេសបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាន់ម៉ា និងបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ការបញ្ជាក់របស់ប្រធានាធិប តីអាមេរិកធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន- អាមេរិកលើកទី១០ នៅល្ងាចថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន បានស្វាគមន៏យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅ កម្ពុជានៅពេលនេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ អាស៊ានសម្រាប់កិច្ចប្រជុំកំពូលនេះ។ សម្តេចតេជោ ចាត់ទុកការចូលរួមរបស់ ប្រធានាធិបតីអាមេរិក ចូ បៃដិន ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការរក្សាសន្តិភាពនិងស្ថេរភាព នៅក្នុងតំបន់ទាំងមូល។ ការចូលរួមគាំទ្ររបស់ អាមេរិកចំពោះអាស៊ានពិតជាមានសារៈសំខាន់ណាស់ ជាពិសេសលើការស្តារ អាស៊ាន ក្រោយវិបត្តិជំងឺកូវីដ១៩ ការពង្រឹងឯករាជតំបន់ ព្រមទាំងការដោះ ស្រាយបញ្ហាប្រឈមចំបងនានា ដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខ ស្បៀង និងថាមពលជាដើម។ មេដឹកនាំអាស៊ាន បានប្តេជ្ញាចិត្តក្នុងការពង្រឹង ទំនាក់ទំនងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក ពិសេសនិងខិតខំប្តេជ្ញាឲ្យទំនាក់ទំនងរវាងអាស៊ាន-អាមេរិក ទៅជាដៃគូកិច្ចសហប្រតិបត្តិគ្រប់ជ្រុង ជ្រោយ។
ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានបញ្ជាក់ពីសារៈសំខាន់ក្នុងការធ្វើ កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ដោយអាមេរិកបានចាត់ទុកអាស៊ាន ជា បេះដូងរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋបាលរបស់លោក ក្នុងការអនុវត្តគោល នយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិក។ អាមេរិកធ្វើការប្តេជ្ញាធ្វើការឲ្យជិតស្និតជាមួយ អាស៊ាន លើបញ្ហានៃការប្រែប្រួលអាកាសធាតុ ប្រឆាំងទៅនឹងការឈ្លានពាន និង រំលោភច្បាប់អន្តរជាតិ។ ក្នុងឆ្នាំ២០២១កន្លងទៅ រដ្ឋបាលរបស់លោកបៃដិន បាន ផ្តល់កញ្ចប់ថវិកាប្រមាណ២៥០លានដុល្លារអាមេរិក សម្រាប់គំនិតផ្តួចផ្តើម នៃ កិច្ចសហប្រតិបត្តិការថ្មីៗជាមួយអាស៊ាន។ សម្រាប់ឆ្នាំ២០២៣ខាងមុខ រដ្ឋបាល របស់លោកចូ បៃដិន នឹងស្នើថវិកាប្រមាណ៨៥០លានដុល្លារអាមេរិក សម្រាប់ ជួយដល់តំបន់អាស៊ីទាំងមូល។ លោកចូ បៃដិន បានបញ្ជាក់ថា នឹងធ្វើការជាមួ យរុស្សី ដើម្បីដោះស្រាយចំពោះការសង្គ្រាមនៅអ៊ុយក្រែន និងការប្រឈម នានា នៅក្នុងសមុទ្រចិនខាងត្បូង និងបញ្ហាមីយ៉ាន់ម៉ា ជាមួយមេដឹកនាំអាស៊ាន។ អាមេរិក បានអបអរសាទរចំពោះខួបអនុស្សារីយ៏លើកទី៤៥ឆ្នាំ រវាងអាមេរិក និងអាស៊ាន។
សូមជម្រាបថា សហរដ្ឋអាមេរិកនាពេលកន្លងទៅ បានផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍ សេដ្ឋកិច្ច សុខភាព និងសន្តិសុខជាង ១២.១ពាន់លានដុល្លារដល់សម្ព័ន្ធមិត្ត និងដៃគូនៅអាស៊ីអាគ្នេយ៍ រួមទាំងសមាជិកអាស៊ានផងដែរ ចាប់តាំងពីឆ្នាំ២០០២ មក។ ក្នុងរយៈពេលដូចគ្នានោះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ជាង ១.៤ពាន់លានដុល្លារ រួមទាំងជំនួយគ្រោះមហន្តរាយសង្គ្រោះជីវិត ជំនួយស្បៀងសង្គ្រោះបន្ទាន់ និងជំនួយដល់ជនភៀសខ្លួនទូទាំងតំបន់។ សហរដ្ឋអាមេរិក និងអាស៊ាន ទទួលបានផលប្រយោជន៍ពីទំនាក់ទំនងពាណិជ្ជកម្មនិងពាណិជ្ជកម្មដ៏ទូលំទូលាយ។ អាស៊ានតំណាងឱ្យទីផ្សារធំជាងគេទី៤ របស់ពិភពលោក ហើយសហរដ្ឋអាមេរិក គឺជាប្រភពដ៏ធំបំផុតរបស់អាស៊ាននៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ខណៈដែលពាណិជ្ជកម្មទំនិញ និងសេវាកម្មរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន មានចំនួនសរុបប្រមាណ ៤៤១.៧ពាន់លានដុល្លារក្នុងឆ្នាំ២០២១៕






