(ពោធិ៍សាត់)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ រួមជា មួយរថយន្តពិសោធន៍ចល័តទាំងពីរ នៃអគ្គនាយកដ្ឋានកាំកុងត្រូល មន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានសហការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ រកឃើញសារធាតុគីមី ក្នុងស្ករត្នោត នៅផ្សារសាមគ្គីក្រគរ និងស្ថានីយ៍/ដេប៉ូ ប្រេងឥន្ធនៈ៣កន្លែង លក់មិនគ្រប់បរិមាណ និងគុណភាព ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានប្រាប់ឱ្យដឹងថា នៅក្នុងឱកាសចុះទៅពិនិត្យទីតាំងខាងលើ មន្រ្តីជំនាញកាំកុងត្រូល ក៏បានយកមុខទំនិញ ៦៦គំរូ មកពិនិត្យ ជាលទ្ធផលបានរកឃើញស្ករត្នោតដែលមានសារធាតុគីមីហាមឃាត់ និងបានធ្វើការដកហូតស្ករត្នោតចំនួន ០៣គីឡូក្រាម យកទៅកម្ទេចចោល។
ជាមួយគ្នានោះ មន្ត្រីជំនាញកាំកុងត្រូល ក៏បានបន្តត្រួតពិនិត្យ ស្ថានីយ៍/ដេប៉ូ ប្រេងឥន្ធនៈ ៦កន្លែងផ្សេងទៀត ជាលទ្ធផលមានស្ថានីយ៍/ដេប៉ូ ៣កន្លែង ដែលអនុលោមភាព ទាំងបរិមាណ និងគុណភាព, ស្ថានីយ៍/ដេប៉ូ ២កន្លែង មិនមានអនុលោមភាពទាំងបរិមាណ និងគុណភាព និងស្ថានីយ៍/ដេប៉ូ ១កន្លែង មិនមានអនុលោមភាពបរិមាណ៕






