ក្រុងប៉ោយប៉ែត ៖ នគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជនសង្ស័យម្នាក់ពីបទឃាត្តកម្ម លើស្ត្រីមេម៉ាយម្នាក់ដែលទៅរកត្រីក្នុងស្រែរបស់ជនសង្ស័យ។
ហេតុការឃាត់ខ្លួន ធ្វើឡើងកាលពីថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2018 នៅក្នុងភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត ព្រះខេត្តបន្ទាយមានជ័យ។ ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ប៊ុន សុខ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខកសិកររស់នៅ ភូមិកើតហេតុ។
ការបង្រ្កាប់នោះ ដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ចាត់អោយលោកឧត្រី សិទ្ធិ ឡោះ ស្នងការរងផែនព្រហ្មទណ្ឌ ដឹកនាំកំលាំងជំនាញព្រហ្មទណ្ឌ និងកំលាំងនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ និងមានការសំរបសំរួល លើនីតិវិធីរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះធ្វើការស្រាវជ្រាវ លើករណីឃាតកម្ម កើតឡើងកាលពីថ្ងៃទី16 វិច្ឆិការ ឆ្នាំ2018 នៅចន្លោះម៉ោង០៩ព្រឹក ដល់ម៉ោង១២ថ្ងៃជាង កើតឡើងនៅលើដីស្រែ ស្ថិតក្នុងភូមិសាស្រ្តភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សាកសពជនរងគ្រោះមានឈ្មោះ ឃូន ឃីន ភេទស្រី អាយុ49ឆ្នាំ នៅភូមិឈ្នួរ ឃុំឈ្នួមានជ័យ នៅក្នុងស្រែខាងកើតភ្លឺស្រែ ចំងាយ07ម៉ែត្រ ក្បាលសណ្តូកទៅកើត ដេកផ្កាប់មុខ មានចងដៃទាំងពីរមកក្រោយដោយខ្សែរសំរាប់ចងស្បែកជើងពណ៌ស។ នៅត្រង់ក មានចងរឹតដោយខ្សែនីឡុងពណ៌លឿង និងនៅលើរង្វង់ភ្នែកទាំងសងខាងមានស្នាមជាំ។
រហូតមកដល់ថ្ងៃទី18 វិច្ឆិការ 2018 កំលាំងជំនាញបានធ្វើការចាប់ឃាត់បាន មុខសញ្ញាឈ្មោះ ប៊ុន សុខ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលសង្ស័យថាជាជនដៃដល់ សម្លាប់ជនរងគ្រោះឈ្មោះ ឃូន ឃីន។
ក្រោយពីការសួរនាំរបស់សមត្ថកិច្ចជំនាញ់ ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលឈានដល់សម្លាប់ជនរងគ្រោះ ព្រោះមានជំលួសជាមួយជនរងគ្រោះ រឿងចាប់ត្រីក្នុងស្រែរបស់ខ្លួន (ជនល្មើស) ធ្វើខូចខាតស្រូវក្នុងស្រែបន្តិចបន្តួច។
ក្រោយពីសួរនាំ ជនសង្ស័យត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ វណ្ណា






