ភ្នំពេញៈ សាកលវិទ្យាល័យកម្ពុជា (UC) មានសេចក្តីសោមនស្សរីករាយសូមជម្រាប និងជូនដំណឹងដល់សិស្សានុ- សិស្ស និងសាធារណជនឲ្យបានជ្រាបថា សាកលវិទ្យាល័យកម្ពុជាមានផ្តល់អាហារូបករណ៍ពេញថ្លៃ ចំនួន ៥០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ វគ្គសិក្សាទី១ (Term I) ឆ្នាំសិក្សា ២០២០-២០២១។ អាហារូប-ករណ៍ទាំងនេះត្រូវបានប្រសិទ្ធិនាមថា
“ អាហារូបករណ៍សន្តិភាព ឆ្នាំ២០២០ ” ជូនដល់សិស្សានុសិស្សកម្ពុជានៅទូទាំងប្រទេសដែលចង់បន្តថ្នាក់បរិញ្ញាបត្រ។
អាហារូបករណ៍សន្តិភាព ឆ្នាំ២០២០ នឹងត្រូវប្រគល់ជូនដល់ជ័យលាភីដែលជាសិស្សានុសិស្សឆ្នើមទូទាំងប្រទេសកម្ពុជា ដែលចង់បន្តការសិក្សាកម្រិតឧត្តមសិក្សាថ្នាក់បរិញ្ញបត្រ ព្រមទាំងអាចជួយលើកកម្ពស់ សន្តិភាព កសាងភាពសុខដុមក្នុងសង្គម និងដើរតួជាឯកអគ្គរាជទូតសុឆន្ទៈដើម្បីទំនាក់ទំនងសន្តិភាពទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ជាងនេះទៅទៀត ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាដែលរាជរដ្ឋាភិបាលបានកំណត់ជាវិស័យអាទិភាពទី១ ដូច្នេះអាហារូបករណ៍ទាំងនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សិស្សានុ- សិស្សប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍជាតិ និងជួយធ្វើសមាហរណកម្មប្រទេសកម្ពុជាទៅក្នុងតំបន់ ក៏ដូចជាទៅក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ។
សាកលវិទ្យាល័យកម្ពុជា សូមគោរពទទួលស្គាល់ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការខិតខំប្រឹងប្រែងក្នុងការនាំមកនូវសន្តិភាព និងស្ថេរភាពដល់ប្រទេសកម្ពុជា ដូច្នេះសាកលវិទ្យាល័យកម្ពុជាសូមប្រសិទ្ធិនាមអាហារូបករណ៍ទាំងនេះ ដើម្បីគោរពដឹងគុណដល់សម្តេចតេជោនាយករដ្ឋមន្ត្រីជា “ បិតាសន្តិភាព ” នៅប្រទេសកម្ពុជា។
ការប្រសិទ្ធិនាម “ អាហារូបករណ៍សន្តិភាព ឆ្នាំ២០២០ ” នេះត្រូវបានឯកភាព និងគាំទ្រជាផ្លូវការដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។
លក្ខខណ្ឌទទួលបានអាហារូបករណ៍
អាហារូបករណ៍សន្តិភាព ឆ្នាំ២០២០ គឺបើកចំហដល់សិស្សានុសិស្សកម្ពុជាទាំងអស់ដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រលើមុខជំនាញណាមួយ។ សិស្សានុសិស្សដែលមានសញ្ញាបត្របរិញ្ញាបត្រ និងកំពុងសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាមិនអាចដាក់ពាក្យប្រឡងបានទេ។ អាហារូបករណ៍សន្តិភាព ឆ្នាំ២០២០ នេះគឺផ្តោតសំខាន់សម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ។
កាលបរិច្ឆេទ
- ០៥ មីនា ២០២០ ចាប់ផ្តើមទទួលពាក្យ
- ២២ កញ្ញា ២០២០ ថ្ងៃផុតកំណត់នៃការទទួលពាក្យប្រឡងអាហារូបករណ៍
- ២៥ កញ្ញា ២០២០ ថ្ងៃប្រឡងអាហារូបករណ៍
- ០១ តុលា ២០២០ ថ្ងៃប្រកាសលទ្ធផលប្រឡងអាហារូបករណ៍
- ១៦ តុលា ២០២០ ពិធីប្រគល់ជ័យលាភីអាហារូបករណ៍
- ១៩ តុលា ២០២០ ចូលរៀនវគ្គសិក្សាទី១ សម្រាប់ឆ្នាំសិក្សា២០២០-២០២១
របៀបនៃការដាក់ពាក្យ
សម្រាប់បេក្ខជនដែលចាប់អារម្មណ៍លើអាហារូបករណ៍នេះ សូមអញ្ជើញមកកាន់ការិយាល័យទទួលចុះឈ្មោះ និងផ្តល់ព័ត៌មាននៅសាកលវិទ្យាល័យកម្ពុជាដើម្បីបំពេញបែបបទ។សម្រាប់ព័ត៌មានផ្សេងៗ សូមធ្វើការទំនាក់ទំនងទូរសព្ទលេខ (៨៨៥-២៣) ៩៩៣-២៧៦ ឬ ០២៣-៩៩៣-២៧៤ ឬ តាមរយៈអ៊ីម៉ែល admissions@uc.edu.kh ។ បេក្ខជននឹងត្រូវប្រឡងលើវិញ្ញាសារចំណេះដឹងទូទៅ និងភាសាអង់គ្លេស។








