ស៊ីម៉ាក់កំពុងស្វែងរកជំនួយបន្តទៀត ដើម្បីគាំទ្រដល់កងឯកភាពស៊ីម៉ាក់ ក្នុងការធានានូវប្រតិបត្តិការឲ្យបានគ្រប់ទៅតាមផែនការឆ្នាំ២០២០។ ឆ្នាំ២០២០ស៊ីម៉ាក់ គ្រោងធ្វើការបោសសំអាតមីនឲ្យបាន១១៦គីឡូម៉ែត្រក្រឡានៅទូទាំងប្រទេស ពិសេសនៅភាគពាយ័ព្យ និងនៅភាគបូព៌ា។ ឆ្នាំ២០២០នេះ ស៊ីម៉ាក់មានគម្រោងធ្វើការបោសសំអាតមីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះឲ្យបាន១១៦គីឡូម៉ែត្រក្រឡានៅទូទាំងប្រទេស ប៉ុន្តែស៊ីម៉ាក់នៅ ខ្វះខាតថវិកាមួយចំនួន ដើម្បីបង្គ្រប់ការបោសសំអាតមីនចំនួន៣៤គីឡូម៉ែត្រ ទៀត។ ការបញ្ជាក់របស់ ឯ.ឧ ហេង រតនា នេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំពង្រឹងការអនុវត្តការងារភារកិច្ច របស់អង្គភាពស៊ីម៉ាក់ គ្រប់កងឯកភាព ដែល ត្រូវបានធ្វើឡើងនៅស៊ីម៉ាក់នារសៀលថ្ងៃនេះ។ ឆ្នាំ២០២០នេះ ស៊ីម៉ាក់បាន ដាក់ផែនការធ្វើការបោសសំអាតមីន នៅតំបន់អាទិភាពធំៗ ដូចជានៅខេត្ត បាត់ដំបង ប៉ៃលិន ពោធិសាត់ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ។ ក្នុងនោះ ក៏មានគម្រោងបោសសំអាតគ្រាប់បែកចង្កោមនៅខេត្តភាពកើតរបស់កម្ពុជា ដែលគាំទ្រដោយជប៉ុន និងអាមេរិក។
ឯ.ឧ ហេង រតនា បានអំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះការ ជីកស្រះ ការដ្ឋានសំណង់ និងតំបន់អភិវឌ្ឍនានា ដែលត្រូវជីកកាយដីជ្រៅៗ ត្បិតគ្រាប់បែក ដែលទម្លាក់ពីលើយន្តហោះត្រូវបានរកឃើញកាន់តែច្រើនឡើងក្នុងពេលថ្មីៗ។ គ្រាន់តែក្នុងឆ្នាំ២០១៩កន្លងទៅ ស៊ីម៉ាក់បានរកឃើញ គ្រាប់បែកទម្លាក់ពីលើយន្តហោះ ចំនួន៥០គ្រាប់ និងពីរខែ ដើមឆ្នាំ២០២០ ស៊ីម៉ាក់រកឃើញ១៤គ្រាប់។ ឯ.ឧ ក៏អំពាវនាវដល់កម្លាំងមានសមត្ថកិច្ចបន្តការ សហការ និងអន្តរាគមន៏ភ្លាមជាមួយពលរដ្ឋ ករណីប្រទះឃើញគ្រាប់មីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយរាយការណ៏មកមន្ត្រីជំនាញរបស់ស៊ីម៉ាក់ ដើម្បីធ្វើ ការដោះបន្សាប និងកម្ទេចចោល៕






