CGTN៖ ប្រទេសចិនជំទាស់នឹងទំនាក់ទំនងផ្លូវការ រវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ ហើយនឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងការបង្កហេតុរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមសម្តីរបស់អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបានលើកឡើង។ នៅក្នុងការធ្វីតធ័រមួយចំនួន អ្នកនាំពាក្យស្ថានទូតចិន បាននិយាយថា ដំណើរទស្សនកិច្ចថ្មី ដោយគណៈប្រតិភូសភាទ្វេភាគីអាមេរិក បង្ហាញឱ្យឃើញថា សហរដ្ឋអាមេរិកមិនចង់ឃើញស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិនថែមទៀត។
លោកបានបន្ថែមថា “ទំនួលខុសត្រូវសម្រាប់ភាពតានតឹង បច្ចុប្បន្ននៅទូទាំងច្រកសមុទ្រតៃវ៉ាន់គឺ ស្ថិតនៅលើភាគីសហរដ្ឋអាមេរិកទាំងស្រុង ដែលគួរតែទទួលនូវផលវិបាកទាំងអស់ ដែលបណ្តាលមកពីដំណើរទស្សនកិច្ចរបស់សមាជិកសភាពាក់ព័ន្ធទៅកាន់កោះតៃវ៉ាន់។
ភាគីអាមេរិកគួរតែគោរពតាមគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីថ្លែងការណ៍រួមទាំងបីចិន-អាមេរិក ហើយបញ្ឈប់ការផ្លាស់ប្តូរជាផ្លូវការជាមួយតៃវ៉ាន់នេះ បើយោងតាមពាក្យអ្នកនាំពាក្យស្ថានទូតចិន៕
ប្រែសម្រួលដោយ: ជ ង៉ា






