
ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំពិធីចម្រើនព្រះជន្ម៦៤ព្រះវស្សា របស់ព្រះករុណា ព្រះចៅអធិរាជជប៉ុន ណារុហ៉ីតុ (NARUHITO) ពិធីបុណ្យជាតិជប៉ុន ដោយមានការចូលរួម ពីសម្តេចប្រធានរដ្ឋសភាកម្ពុជា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបបត្តិការអន្តរជាតិ រួមនឹងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នជាតិកម្ពុជាជាច្រើនរូបទៀត។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានរំឭកថា សម្រាប់លោកដែលជាជនជាតិជប៉ុន ឆ្នាំ២០២៤ បានចាប់ផ្តើមជាមួយនឹងព្រឹត្តិការណ៍ សោកនាដកម្មចំនួនពីរ គឺគ្រោះរញ្ជួយដីនៅឧបទ្វីប ណូតូ និងឧប្បទ្ទវហេតុយន្តហោះប៉ះទង្គិចគ្នានៅអាកាសយានដ្ឋាន ហាណេដា។
ក្នុងនាមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខ និងសម្តែងនូវសមានចិត្តយ៉ាងស្មោះអស់ពីដួងចិត្ត។ ដើម្បីឆ្លើយតបទៅនឹងការ លើកទឹកចិត្តរបស់កម្ពុជា រដ្ឋាភិបាលជប៉ុន នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើការស្តារ និងកសាងឡើងវិញនូវតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅឧបទ្វីបណូតូ។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានបន្តថា កម្ពុជា-ជប៉ុន បានប្រារព្ធជាថ្មីខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងការទូតរបស់ ប្រទេសទាំងពីរ។
ដើម្បីកត់សម្គាល់នូវឱកាសនោះផងដែរ ទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរត្រូវបានតម្លើងដល់កម្រិត «ភាពជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ»។ព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើន ត្រូវបានរៀបចំឡើងពេញមួយឆ្នាំមុន ហើយកម្មវិធីដែលបានរៀបចំនៅថ្ងៃទី៨ ខែធ្នូ ដើម្បីប្រារព្ធពិធីបិទបញ្ចប់ខួបលើកទី៧០ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់ របស់ឧបនាយករដ្ឋមន្ត្រីចំនួន៤រូប និងឥស្សរជនកម្ពុជាជាច្រើនរូបទៀត ដែលជាភ្ញៀវកិត្តិយសដ៏សំខាន់បំផុតរបស់ជប៉ុន ក្នុងពិធីចម្រើនព្រះជន្ម៦៤ព្រះវស្សា ព្រះចៅអធិរាជជប៉ុន នៅពេលនេះ។
ឯកឧត្តមចង់ឱ្យភាគីទាំងពីរធ្វើការរួមគ្នា ដោយយកចិត្តទុកដាក់ចំពោះ «យុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១» ដែលបានដាក់ចេញ ដោយគណរដ្ឋមន្ត្រីថ្មី ដើម្បីសម្រេចឱ្យបាននូវសង្គមឌីជីថល ពង្រឹងការតភ្ជាប់ និងកែលម្អបរិយាកាសវិនិយោគ។
ជាងនេះទៅទៀត ខណៈពេលដែលស្ថានការណ៍អន្តរជាតិ កាន់តែមានភាពស្មុគ្រស្មាញ ហើយយើងជួបប្រទះនូវបញ្ហាប្រឈមជាច្រើនជាសកល វាជាប្រការសំខាន់ដែលជប៉ុន និងកម្ពុជាធ្វើការរួមគ្នាជាដៃគូ ដើម្បីគោរពច្បាប់អន្តរជាតិ និងរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើនីតិរដ្ឋ។
ឯកឧត្តមសន្យានឹងបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យប្រទេសទាំងពីរអាចសហការ និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក៕ ដោយះសំអាតនិងពិសិដ្ឋ



