ភ្នំពេញ ៖ ស្ថាប័នឯកជនចំនួន២ របស់កម្ពុជានិងចិន ដែលវិនិយោគលើវិស័យអប់រំ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ លើការអប់រំ និងការបណ្តុះបណ្តាលជំនាញ ជាពិសេសជួយគាំទ្រការសិក្សារបស់និស្សិតក្រីក្រ
ដើម្បីអបអរសាទរ ខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន វិទ្យាស្ថាន វីឌីស៊ី របស់ប្រទេសកម្ពុជា និងក្រុមហ៊ុន ក្វាងស៊ី ហ៊ាន់ស៊ី របស់ចិន ដែលស្ថាប័នទាំងពីរនេះ វិនិយោគលើវិស័យអប់រំ និងការ បណ្តុះបណ្តាលដូចគ្នានោះ បានចុះអនុស្សារណៈយោគយល់គ្នា សំដៅបញ្ជាក់ពីគោលការណ៍ នៃកិច្ចសហប្រតិបត្តិការ ទ្វេរភាគី ក្នុងការអប់រំ និងបណ្តុះបណ្តាលនៅកម្ពុជា និងដើម្បីផ្តល់ការណែនាំសម្រាប់កិច្ចសហប្រតបត្តិការជាក់ស្តែង បន្ថែម ទៀត។
បើតាមប្រសាសន៍ លោក ជួន ជីវិន ប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានវីឌីស៊ី បានឲ្យដឹងថា ឆ្លើយតបតាមការស្នើសុំពី វិទ្យាស្ថាន ភាគីចិន បានសម្រេចផ្តល់ជូនអាហាររូបករណ៍ ថ្នាក់បរិញ្ញាបត្រភាសាចិន ចំនួន១០កន្លែង ដល់និសិ្សតកម្ពុជា សម្រាប់ឆ្នាំដំបូង។ លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា ការចុះ MoU នាពេលនេះ អ្នកដែលទទួលផល ប្រយោជន៍បានច្រើនជាងគេបំផុតនោះ គឺនិស្សិតក្រីក្រ។
ក្រៅតែពីការស្នើសុំឲ្យក្រុមហ៊ុនចិនជួយក្នុងការផ្តល់អាហាររូបករណ៍ឲ្យនិស្សិតកម្ពុជាបានទៅសិក្សានៅប្រទេសចិននោះ ថ្នាក់ដឹកនាំវិទ្យាស្ថានវីឌីស៊ី ក៏បានស្នើឲ្យភាគីចិន ផ្តល់គ្រូបង្រៀនជនជាតិចិនមកបង្រៀនភាសាចិននៅវិទ្យាស្ថានរបស់ខ្លួន និងបានស្នើឲ្យភាគីចិន ពិចារណាក្នុងការវិនិយោគលើសំណង់អគាររបស់វិទ្យាស្ថានឲ្យកាន់តែមានភាពធំទូលាយផងដែរ។
គួរជម្រាបថា ការផ្លាស់ប្តូរការអប់រំ និងកិច្ចសហប្រតិបត្តិការ រវាងចិននិងកម្ពុជា មិនត្រឹមតែជួយបណ្តុះបណ្តាលអ្នកជំនាញ ដែលមានជំនាញ នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីវិជ្ជមាន ក្នុងការលើកកម្ពស់ ការផ្លាស់ប្តូរពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ និងការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជនផងដែរ៕ រូបភាព និងអត្ថបទ សៅ ធី







