ស្ពានកោះពេជ្រ-កោះនរាឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន៨៥ភាគរយហើយនៃគម្រោង គិតត្រឹមថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២៣។ នៅពេលស្ពាននេះ ស្ថាបនារួចរាល់ នោះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៏ដ៏មមាញឹកក្នុងរាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរាឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន៨៥ភាគរយហើយនៃគម្រោង។ តាមផែនការ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះ នឹងបញ្ចប់ការសាង សង់នៅខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខ។
នេះបើតាមរបាយ ការណ៍របស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។ ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។
សូមជម្រាបថា គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ មានប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម បណ្តោយស្ពាន បេតុងអារមេ ប្រវែង៤៨៣ម ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង២៤៩ម ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង៩២ម៉ែត្រ ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន២ទៅ និងគន្លងចំនួន២មក ដែល១គន្លងមានទទឹង៣,២៥ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន១មក ដែលមានទទឹង១,២៥ ម៉ែត្រសងខាង។
គម្រោងចំណាយសាងសង់ ៣៨លានដុល្លាអាមេរិក រយៈពេលសាងសង់៣៥ខែ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC។
សមិទ្ធិផលថ្មីនេះនឹងលេចចេញជារូបរាង នាពេលឆាប់ៗខាងមុខ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរកាត់ បន្ថយការកកស្ទះចរាចរណ៏ដ៏មមាញឹកក្នុងរាជធានីភ្នំពេញ ជាពិសេសបន្ថយបន្ទុកលំហូរចរាចរនៅស្ពានព្រះមុនីវង្ស ច្បារអំពៅ ក៏ដូចមហាវិថីព្រះនរោត្តមផងដែរ៕






