អនុវត្តតាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអោយដំណើរ ការជាបណ្តោះអាសន្នហើយនូវ ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីព្រះមុនីវង្សស្ថិតក្នុងមូលដ្ឋានខណ្ឌមាន ជ័យ និងខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ ។ តាមសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើ ប្រាស់ជាបណ្តោះ អាសន្នស្ពានអាកាស “មរតកតេជោ”របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ខែមីនាកន្លងទៅ បានអោយដឹងថា
ស្ពានអាកាស “មរតកតេជោ” កម្ពស់ពីរជាន់ ស្ថិតនៅចំណុច ប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនី វង្ស និង មហាវិថីកងយោធពលខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌ មានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ជាអ្នកទទួលការសាងសង់។
បច្ចុប្បន្នការសាងសង់ស្ពានអាកាស “មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស បានសម្រេចស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូច ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ។ ចំពោះមុខដើម្បីជួយសម្រួលដល់លំហូរចរាចរ និង ការធ្វើដំណើររបស់ប្រជា ពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ក៏ដូចជួយដោះស្រា យការកកស្ទះចរាចរបានមួយកម្រិតត្រង់ចំណុចប្រសព្វមហាវិថីទាំងបី សម្តេចមហាបវរ ធិបតីនាយករដ្ឋមន្ត្រី បានផ្តល់គោល ការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្តោះ អាសន្ននូវស្ពានអាកាស មរតកតេជោ” ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ តទៅ។
សូមបញ្ជាក់ជូនថា ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុក ផ្លូវ គឺជាអាទិភាពគន្លឹះទី២ នៅក្នុងអាទិភាពគន្លឹះទាំង៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដោយកិច្ចការអាទិភាពទី២ ក្នុងបញ្ចកោណទី២ គឺការលើក កម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន បានផ្តោតគោលដៅយុទ្ធសាស្ត្រលើការបង្កើនប្រសិទ្ធភាព ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មី។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូស បញ្ជាក់ថា សមិទ្ធផលនេះ ក៏នឹងជួយកាត់បន្ថយចំណាយ លើឥន្ធនៈដោយសារការកកស្ទះចំណេញពេលវេលា និងសម្រួលដល់ការធ្វើដំណើរប្រកបការងារ ជាពិសេស ការជួយលើកកម្ពស់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕






