ខេត្ដព្រៃវែង ៖ បុរសម្នាក់បានបើកបរម៉ូតូដោយស្ថានភាពស្រវឹងស្រាជោគជាំ រ៉េចង្កូតជ្រុលធ្លាក់ទៅចិញ្ចើមថ្នល់ខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង6 និង10នាទី ថ្ងៃទី23 ខែធ្នូ ឆ្នាំ2018 នៅតាមបណ្តោយផ្លូវកៅស៊ូស្ថិត ក្នុងភូមិពោធិរោង, ឃុំជីផុច, ស្រុកមេសាង, ខេត្តព្រៃវែង។
របាយការណ៍សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ពោន វណ្ណា ភេទប្រុស អាយុ37ឆ្នាំ មានទីលំនៅភូមិជីផុច, ឃុំជីផុច, ស្រុកមេសាង បើកបរម៉ូតូម៉ាកហុងដាC125 សេរី2014 ពាក់ស្លាកលេខ “កំពង់ចាម”1A-8569 បានរងរបួសធ្ងន់ត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
របាយការណ៍បញ្ជាក់បន្ថែមថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកបរម៉ូតូម្នាក់ឯង ក្នុងទិសដៅពីជើង ទៅត្បូង ក្នុងស្ថានភាពស្រវឹង។ លុះមកដល់ចំណុចខាងលើ ក៏បានរ៉េចង្កូតជ្រុលធ្លាក់ចូលទៅចិញ្ចើមថ្នល់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសមុខធ្ងន់តែម្តង។ ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍ ចុះធ្វើការពនិត្យរួចបញ្ជាក់ថា មូលហេតុបណ្តាលមកពីជនរងគ្រោះស្រវឹងស្រាជោគជាំ បាត់បង់ម្ចាស់ការ។ បច្ចុប្បន្នម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍ជីផុច ដើម្បីរង់ចាំបងប្អូនមកទទួលយក៕ សុឹម សាន់









