ខេត្ដព្រៃវែង ៖ បុរសម្នាក់បានដាច់ខ្យល់ស្លាប់ ពេលក្រុមគ្រួសារដឹកបញ្ជូនយកទៅដល់មន្ទីរពេទ្យ ខណៈជនរងគ្រោះ ស្រវឹងស្រាហើយបើកម៉ូតូដួលដោយខ្លួនឯង បង្កឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង18 និង35នាទី ថ្ងៃទី23 ខែតុលា ឆ្នាំ2018 នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។
បើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថែ ភេត ភេទប្រុស អាយុ22ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ បើកបរម៉ូតូម៉ាកកែឆ្នៃព័ណ៌ខ្មៅ គ្មានស្លាកលេខ។ របាយការណ៍បញ្ជាក់បន្ថែមថា ប្រភពគេបានឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ទិសដៅពីលិច ទៅកើត ក្នុងល្បឿនយ៉ាងលឿនដោយស្ថានភាពស្រវឹងស្រា។ លុះបើកមកដល់ចំណុចខាងលើ ក៍បានដួលតែម្នាក់ឯងបោកក្បាលទៅនឹងថ្នល់កៅស៊ូ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារ ដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកមេសាង។ ប៉ុន្តែដោយសារមុខរបួសធ្ងន់ពេក ក៍ដាច់ខ្យល់ស្លាប់ពេលទៅដល់មន្ទីរពេទ្យតែម្តង។
ក្រោយទទួលបានព៌តមាន កម្លាំងសមត្ថកិច្ចនគរបាលក៍បានចុះទៅពិនិត្យកន្លែងកើតហេតុ និងសពជនរងគ្រោះ ដោយបានសន្និដ្ធានថា បណ្តាលមកពីជនរងគ្រោះស្រវឹងស្រាជោគជាំ ហើយបើកបរម៉ូតូបាត់ម្ចាស់ការល្បឿនលឿន ក៏ដួលខ្លួនឯងតែម្តងទៅ។ ដោយករណីនេះជនរងគ្រោះបង្កឡើងដោយខ្លួនឯង សមត្ថកិច្ចក៍បានធ្វើកំណត់ហេតុ ប្រគល់ម៉ូតូ និងសពជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់






