ខេត្ដព្រៃវែង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួន ឃាតករសម្លាប់ស្ត្រីវ័យចំណាស់ម្នាក់ ឈ្មោះ តិត នឿន “ហៅណូក” អាយុ៥៥ឆ្នាំ មុខរបរធ្វើស្រែ ដេកស្លាប់នៅលើគ្រែក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រះអណ្តូង ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។
តាមរបាយការរបស់អាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ដោយមានការណែនាំចង្អុលបង្ហាញ ពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានសហការជាមួយកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួល ពីព្រះរាជអាជ្ញានៃខេត្តទាំងពីខាងលើ បានធ្វើការស្រាវជ្រាវ រហូតឈានទៅធ្វើការឃាត់ខ្លួន ឃាតកដៃដល់កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីជននេះ ធ្វើសកម្មភាពកាប់សម្លាប់ស្ត្រីរងគ្រោះ រួចហើយបានរត់ទៅសម្ងំលាក់ខ្លួន នៅក្នុងព្រៃក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
របាយបានបញ្ជាក់បន្ថែមទៀតថា ក្នុងប្រតិបត្តិការណ៍បង្ក្រាបជនជាឃាតកនោះ ធ្វើឲ្យកម្លាំងសមត្ថកិច្ចប្រឈមនឹងគ្រោះថ្នាក់ ខណៈដែលជនជាឃាតករមានគ្រាប់បែកដៃមួយគ្រាប់ លាក់នៅក្នុងហោប៉ៅ រួចលូកយកចេញពីក្នុងហោប៉ៅខោ បម្រុងបំផ្ទុះ តែសំណាងល្អត្រូវកម្លាំងជំនាញមើលឃើញ ស្ទុះទៅចាប់ទាន់។ ទោះយ៉ាងណា របាយការណ៍របស់អាវុធហត្ថ មិនបានបញ្ជាក់ពីមូលហេតុអ្វី បានជាឃាតកសម្លាប់ស្ត្រីរងគ្រោះនោះទេ ដោយគ្រាន់បញ្ជាក់ប្រាប់ថា ជនជាឃាតកឈ្មោះ ហ៊ាង គឹមហុង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិកោះខ្ជាយ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្រោយឃាត់ខ្លួនកម្លាំងអាវុធហត្ថ ដកហូតបានវត្ថុតាងរួមមាន គ្រាប់បែកដៃមិនទាន់ផ្ទុះ១គ្រាប់ ទូរស័ព្វដៃម៉ាក AIS ពណ៌ខ្មៅ១គ្រឿង។
រហូតមកដល់នៅរសៀលថ្ងៃទី០២ ខែតុលានេះ ត្រូវបានមន្ត្រីជំនាញមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តព្រៃវែង បន្តនិតិវិធី កសាងសំណុំរឿង បញ្ជូនជនជាឃាតក និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ក្នុងមាត្រា២០ និងមាត្រា១៩៩ ត្រូវដាក់ពន្ធនាគារ នាល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះហើយ៕ សុឹម សាន់







