ក្រុងប៉ោយប៉ែត ៖ មនុស្សម្នាក់ស្លាប់ ចំណែក២នាក់ទៀតរងបួសធ្ងន់ស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង១០ និង១៥នាទីព្រឹក ទី២៧ ខែធ្នូ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខស្ថានីយ៏ដឹកអ្នកដំណើរអន្តរជាតិប៉ោយប៉ែត (ស៊ូជីង) ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចជំនាញបានប្រាប់ថា មុនកើតហេតុមានម៉ូតូកង់បី០១គ្រឿង ពណ៏ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BS-0007 (មានដឹកម៉ាសុីនឡានធុនធំពីលើទ្រុងរ៉ឺម៉កម៉ូតូកង់បី) បើកបរទិសដៅពីលិច ទៅទិសខាងកើត លុះបើកបរដល់ចំណុចកើតហេតុ ម៉ូតូខាងលើបានគ្រវីចង្កូត រ៉េទៅកណ្តាលទ្រូងផ្លូវ ស្រាប់តែមានរថយន្តធុនធំ០១គ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3B-8532 បើកបរពីលិច ទៅកើត (ស្របទិសគ្នា) បានបុកម៉ូតូកង់បីខាងលើចំចំហៀងខាងឆ្វេង បណ្តាលអោយគ្រោះថ្នាក់តែម្តង។
ចំពោះជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ ទី01- ឈ្មោះ សៀម ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅក្នុងភូមិក្បាលស្ពាន២ (ជាអ្នកបើកបរម៉ូតូកង់បី) រងរបួសស្រាល, ទី02- ឈ្មោះ សៀម ពិសី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅក្នុងភូមិក្បាលស្ពាន២ (ជិះម៉ូតូកង់បី) រងរបួសធ្ងន់ុំ និងទី03- ឈ្មោះ ជ្រូក ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅក្នុងភូមិក្បាលស្ពាន២ (ជិះម៉ូតូកង់បី) បានស្លាប់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបន្ថែមថា ចំណែកអ្នកបើកបររថយន្តធុនធំ (ពុំទាន់ស្គាល់អត្តសញ្ញាណ) ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែកនៅកន្លែងកើតហេតុ គេឃើញសមត្ថកិច្ចជម្នាញ់វាស់វែង និងធ្វើកំណត់ហេតុរួចរាល់ បានយករថយន្ដបង្ករ និងម៉ូតូកង់បីយករក្សាទុក នៅប៉ុស្តិ៍និមិត្ត ដើម្បីរៀបចំសណុំរឿងតាមនិតិវិធីច្បាប់។ ចំពោះអ្នករងរបួស ត្រូវរថយន្តរបស់កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកក្រុង៕ វណ្ណា







