
ប៉ូលិសក្នុងរដ្ឋឃ្វីនលែន នៃប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រនេះ បានបញ្ជាក់ពីការស្លាប់របស់មនុស្សពីរនាក់ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងយន្តហោះធុនស្រាលពីរគ្រឿងនៅឯអាកាសយានដ្ឋានមួយ។ ស្នងការប៉ូលិស ឃ្វីនលែន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា នៅម៉ោងប្រហែល១០ និង៣០នាទីព្រឹក នៅថ្ងៃសុក្រ ការបុកគ្នានៃយន្តហោះទាំង ពីរនេះ បានកើតឡើងនៅចុងខាងកើតនៃ ខាបុលឆឺ អ៊ែរហ្វីល (Caboolture Airfield) ភាគខាងជើងទីក្រុង ប្រ៊ីសបេន (Brisbane)។
មន្ត្រីប៉ូលិស ឃ្វីនលែន បានប្រាប់អ្នកយក ព័ត៌មានថា យន្តហោះទាំងពីរបានបុកគ្នា កៀកនឹងដីដែលមនុស្សជាច្រើនអាចបានឃើញ ហើយបានបន្ថែមថា អ្នក បើកយន្តហោះផ្សេងទៀតគឺមិនមានរបួសអ្វីទេ។
យោងតាមប៉ូលិស ឃ្វីនលែន ក្រុមអ្នកស៊ើបអង្កេតកំពុងស្ថិតនៅកន្លែងកើតហេតុ រួមជាមួយនឹងនាវិកមកពីរថយន្តសង្គ្រោះ ឃ្វីនលែន ក៏ដូចជាសេវាកម្មពន្លត់អគ្គីភ័យ និងសង្គ្រោះ ហើយអង្គភាពធ្វើកោសល្យវិច្ច័យត្រូវបានហៅឱ្យធ្វើការ ស៊ើបអង្កេតផងដែរ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ

