ក្រុងឡុងដ៍៖ ស្វាមីរបស់អតីតរដ្ឋមន្ត្រីទីមួយ របស់ស្កុតលែន នីកូឡា ស្តឺជិន (Nicola Sturgeon) គឺលោក ផេធើ ម៉ូរ៉ែល (Peter Murrell) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើការផ្តល់មូលនិធិ និងហិរញ្ញវត្ថុរបស់គណបក្សជាតិស្កុតឡេន។
លោក ម៉ូរ៉ែល អាយុ៥៨ ឆ្នាំ បានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់បក្ស SNP កាលពីខែមុន បន្ទាប់ពីរយៈ ពេលជាងពីរទសវត្សរ៍ ក្នុងតួនាទីបន្ទាប់ពីការលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ស្តឺជិន៏ (Sturgeon) ជារដ្ឋមន្ត្រីទីមួយក្នុងខែកុម្ភៈ។
ប៉ូលីសស្កុតឡែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសអាយុ៥៨ ឆ្នាំម្នាក់ត្រូវបាន “ចាប់ខ្លួនជាជនសង្ស័យ” ហើយកំពុងត្រូវបានសួរនាំដោយអ្នកស៊ើបអង្កេត។
អ្នកនាំពាក្យរបស់បក្ស SNP បាននិយាយថា គណបក្សនឹងមិនធ្វើអត្ថាធិប្បាយលើការស៊ើបអង្កេតផ្ទាល់នោះទេប៉ុន្តែ បាននិងកំពុងសហការយ៉ាងពេញលេញជាមួយ នឹងការស៊ើបអង្កេតនេះ។
គួរបញ្ជាក់ SNP បានដឹកនាំរដ្ឋាភិបាលស្កុតឡេន តាំងពីឆ្នាំ២០០៧ ប៉ុន្តែសន្ទុះនៅពីក្រោយគោលដៅរបស់ខ្លួនក្នុងការបំបែកខ្លួន ចេញពីចក្រភពអង់គ្លេស បានថយចុះនាពេលថ្មីៗនេះ ខណៈការបោះឆ្នោតរបស់គណបក្សបានធ្លាក់ចុះ។
លោកម៉ូរ៉ែល និងលោកស្រី ស្តឺជិន (Sturgeon)គឺជាតួអង្គសំខាន់នៅក្នុងចលនាឯករាជ្យ ស្កុតឡេនអស់ជាច្រើនឆ្នាំ ដោយស្ដឺជិន បានបម្រើការជារដ្ឋមន្ត្រីទីមួយ របស់ប្រទេស រយៈពេលប្រាំបីឆ្នាំ ប៉ុន្តែលោកស្រីបានប្រកាសលាលែងពីតំណែងនៅថ្ងៃទី ១៥ ខែកុម្ភៈ៕
ប្រែសម្រួលដោយ ប៊ុន សុភាព







