នៅពេលអាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេនៅលើលោក គឺជាង៤១៩.០០០នាក់ ប្រធានអង្គការសុខភាពពិភពលោក(WHO) លោកតេដ្រូស អាដាណូម ហ្គេប្រេយេស៊ូស បានអំពាវនាវអោយប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ឈប់យករឿងជំងឺឆ្លងនេះធ្វើជារឿងនយោបាយ។
លោកប្រធានWHOបានប្រាប់សន្និសីទកាសែតមួយនៅក្រុងហ្សឺណែវថា ភាគីនយោបាយទាំងអស់គួរផ្តោតលើការសង្គ្រោះអាយុជីវិតប្រជាជនរបស់គេ។ លោកតេដ្រូស អាដាណូម ហ្គេប្រេយេស៊ូស បានកត់សំគាល់ថា អាម៉េរិកនិងចិនគួររួមគ្នា ហើយប្រយុទ្ធទល់នឹងសត្រូវដ៏គ្រោះថ្នាក់គឺCovid-19។
ការលើកឡើងរបស់លោកកើតឡើងតែមួយថ្ងៃបន្ទាប់ពីលោកត្រាំពន្លះអង្គការ WHOថាផ្តល់ព័ត៌មានខុសនិងលម្អៀងទៅរកចិននៅក្នុងការដោះស្រាយជំងឺកូវីដ១៩។លោកត្រាំ បានព្រមានថា រដ្ឋាភិបាលអាម៉េរិកអាចបង្កកមូលនិធិសំរាប់អង្គការសុខភាពរបស់អង្គការសហប្រជាជាតិនេះ និងថាអង្គការនេះបានខកខានមិនបានឆ្លើយតបនឹងការរកឃើញ
វីរុសនៅដំណាក់កាលដំបូង។
នៅថ្ងៃពុធ ត្រាំបានវាយប្រហារ WHOជាថ្មី ដោយលោកបាននិយាយថា អង្គការនេះត្រូវតែកំណត់អាទិភាពរបស់ខ្លួនអោយត្រឹមត្រូវ ហើយអាមេរិកនឹងធ្វើការសិក្សាមួយដើម្បីសំរេចថាតើនឹងបន្តផ្តល់លុយដល់អង្គការនេះទៀតឬយ៉ាងណា។ ក្នុងពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា រដ្ឋាភិបាលអាមេរិកនឹងវាយតំលៃឡើងវិញអំពីការផ្តល់មូលនិធិដល់អង្គការWHO ។
WHO ត្រូវផ្តល់មូលនិធិដោយប្រភពឯកជននិងបណ្តារដ្ឋាភិបាល ដោយអាមេ
រិកជាអ្នកជួយធំជាងគេ ។កាលពីឆ្នាំមុនរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនផ្តល់ប្រាក់៥៨លានដុល្លារដល់អង្គការសុខភាពពិភពលោក៕