កីឡា ៖ កីឡាករប្រដាល់គុនខ្មែរ ឡុង សំណាង អះអាងថា ការឈ្នះជើងឯកខ្សែក្រវ៉ាត់អន្តរជាតិលើកដំបូង គឺជាឱកាសស្វែងរកទីផ្សារប្រកួតក្រៅប្រទេស និងអភិវឌ្ឍន៍ខ្លួន ក្លាយជាកីឡានៅលំដាប់ជួរមុខនៅកម្ពុជា។
កីឡាករ ឡុង សំណាង មកពីក្លិប ឡុង សាលវ័ន្តកីឡា បានគ្រង់ដំណែងជើងឯកប្រដាល់គុនខ្មែរ អន្តរជាតិខ្សែក្រវ៉ាត់ភេសជ្ជៈវើក ឆ្នាំ២០១៨ ក្រោយយកឈ្នះកីឡាករ មកពីព្រះរាជាណាចក្រថៃ ពិក ធៀង ដោយពិន្ទុ កាលពីល្ងាចថ្ងៃអាទិត្យ ទី០៩ ខែកញ្ញា ម្សិលមិញ នៅសង្វៀនស្ថានីទូរទស្សន៍អាស៊ីអាគ្នេយ៍។
ថ្លែងក្រោយបញ្ចប់ការប្រកួតកីឡាករ ឡុង សំណាង បញ្ជាក់ថា ការឈ្នះជើងឯកប្រដាល់គុនខ្មែរអន្តរជាតិខ្សែក្រវ៉ាត់ភេសជ្ជៈវើក នៅសង្វៀនស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍នេះ គឺជាការដណ្តើមបានដំណែងជើងឯកខ្សែក្រវ៉ាតលើកដំបូងរបស់ខ្លួន ក្រោយប្រឡូកយ៉ាងជោគជាំ អស់រយៈពេល៤ឆ្នាំ ក្នុងវិស័យកីឡាគុនខ្មែរ។
កីឡាកររូបនេះអះអាងថា ការគ្រង់ដំណែងជើងឯកខ្សែក្រវ៉ាត់អន្តរជាតិលើកដំបូងនេះ វានឹងជួយសាងកេរ្តិ៍ឈ្នោះ ក្នុងវិស័យកីឡាគុនខ្មែរ កាន់តែល្បីសុះសាយ ហើយថែមទាំងមានឱកាសច្រើន សម្រាប់ទីផ្សារចេញទៅប្រកួតនៅក្រៅប្រទេស ពិសេសទៀតនោះ វាអាចជួយជម្រុញរូបគេ អោយកាន់តែខិតខំប្រឹងប្រែងហ្វឹកហាត់ អភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ដើម្បីក្លាយខ្លួនជាកីឡាករលំដាប់ជួយមុខនៅកម្ពុជា។
សូមបញ្ជាក់ថា កីឡាករឡុង សំណាង ដែលឈ្នះដំណែងជើងឯក ការប្រកួតប្រដាល់អន្តរជាតិខ្សែក្រវ៉ាត់ភេសជ្ជៈវើក ឆ្នាំ២០១៨ នៅសង្វៀនសង្វៀនស្ថានីទូរទស្សន៍អាស៊ីអាគ្នេយ៍ ទទួលបានពានរង្វាន់១ ខ្សែក្រវ៉ាត់មួយ អមដោយទឹកប្រាក់២០លានរៀល ខណៈកីឡាករថៃ ពិក ធៀង ជើងឯករង ទទួលបានទឹកប្រាក់១០លានរៀល ដែលជាប្រាក់រង្វាន់ទទួលបានការឧបត្ថម្ភពីភេសជ្ជៈវើក៕






