BBC៖ យន្តហោះយោធាមួយគ្រឿង បានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋានមួយកន្លែងនៃទីក្រុង Yeysk ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សយ៉ាងតិច៤នាក់ និងរបួសដល់ទៅ២៥នាក់។
របាយការណ៍ បានអោយដឹងថា ប្លុកអាផាតមិនមួយ ត្រូវបានភ្លើងឆេះ ហើយសាលារៀនមួយ នៅក្បែរនោះ ត្រូវបានគេ ជម្លៀសចេញ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក អេសយូ- ៣៤ (Su-34) ដែលកំពុងហោះហើរហ្វឹកហាត់ បានឆេះម៉ាស៊ីន កាលពីល្ងាចថ្ងៃចន្ទ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អគ្គិភ័យបានឆាបឆេះអគារកម្ពស់៥ជាន់ ។ យោងតាមគេហទំព័រ មួយរបស់រុស្ស៊ីបានឱ្យដឹងថា សិស្សា នុសិស្សមកពីអនុវិទ្យាល័យក្បែរនោះត្រូវបានជម្លៀសដោយជោគជ័យ។
គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយថា ខ្លួនបានបើកសំណុំរឿងព្រហ្មទណ្ឌ និងបញ្ជូនអ្នកស៊ើបអង្កេតទៅកាន់កន្លែងធ្លាក់យន្តហោះនេះ ដោយមិនបានប្រាប់ពីហេតុផលណាមួយឡើយ។
ទីក្រុង Yeysk ស្ថិតនៅទល់មុខទឹកដីដែលរុស្ស៊ីកាន់កាប់នៅភាគខាងត្បូងអ៊ុយក្រែន បំបែកដោយសមុទ្រអាហ្សូវ (Azov)។ ទីក្រុងនេះ ត្រូវបានគេប្រើជាកន្លែងហ្វឹកហ្វឺនសំខាន់សម្រាប់អាកាសចរណ៍ទ័ពជើងទឹករបស់រុស្ស៊ី៕
ប្រែសម្រួលដោយ: ជ ង៉ា






