នៅព្រឹកថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិ ការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថា ក្នុងពិធីអបអរខួបអនុស្សាវរីយ៍ ៥ ឆ្នាំ នៃភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី និងការប្រារព្វទិវាអាស៊ានលើកទី ៥៧។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ទំនាក់ទំនងអាស៊ាន-ស៊ីលី បានធ្វើឱ្យតំបន់ទាំងពីរកាន់តែខិតមកជិតគ្នា តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យនានា បើទោះបីតំបន់ទាំងពីរមានលក្ខណៈភូមិសាស្តឆ្ងាយពីគ្នាក៏ដោយ។
ឯកឧត្តមបានគូសបញ្ជាក់ពីកាលានុវត្តភាព និងកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានរវាងភាគីទាំងពីរដើម្បីពង្រឹងទំនាក់ទំនង ដោយផ្អែកលើសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានបញ្ជាក់សាជាថ្មី អំពីតម្រូវការឱ្យអាស៊ាន និងស៊ីលី ត្រូវបន្តបង្ហាញការប្តេជ្ញាចិត្ត ដើម្បីពង្រឹងទំនាក់ទំនង និងធានាបានថា កិច្ចសហប្រតិបត្តិការនៅតែមានប្រយោជន៍ទៅវិញទៅមក។






