នៅព្រឹកថ្ងៃចន្ទ ៤ រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាក់ព័ន្ធនានា ចាប់ផ្តើម។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការងាររបស់អាស៊ាន និងបានផ្លាស់ប្តូរទស្សនៈរកវិធី ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីការគាំទ្រពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន ចំពោះប្រទេសកម្ពុជា ក៏ដូចជា ប្រទេសសមាជិកអាស៊ានផ្សេងទៀត ឆ្ពោះទៅរកការសំរេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥។






