
តបតាមការអញ្ជើញរបស់វិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ (ISIS) ម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមក្នុងកិច្ចប្រជុំតុមូលតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី ៣៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នៅល្ងាចថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបជាមួយសាស្ត្រាចារ្យបណ្ឌិត Mohd Faiz Abdullah ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងសិក្សាអន្តរជាតិ (ISIS) ម៉ាឡេស៊ី និងជាអ្នករៀបចំកិច្ចប្រជុំតុមូលតំបន់អាស៊ី- ប៉ាស៊ីហ្វិកលើកទី ៣៧ មុនពេលចាប់ផ្តើមអាហារពេលល្ងាចស្វាគមន៍។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការស្ថាប័នវិភាគស្រាវជ្រាវ និងការទូតក្រៅផ្លូវការ មិនមែនរដ្ឋាភិបាល នៅក្នុងតំបន់ និងកិច្ចការមួយចំនួនទៀត។

