
នៅរសៀលថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកជំទាវ Andrea Palm អនុរដ្ឋមន្ត្រីសុខាភិបាល និងសេវាមនុស្ស ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួម ក្នុងការដោះស្រាយការប្រឈមសុខាភិបាលសាធារណៈដែលចាំបាច់ត្រូវធ្វើកិច្ចសហការនៅទូទាំងតំបន់អាស៊ាន និងពិភពលោក ដូចជា ការបង្ការជម្ងឺឆ្លង ការត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត និងការធានាបាននូវការទទួលបាននូវការថែទាំសុខភាពដោយសមធម៌ ជាដើម។

