នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានធ្វើបាឋកថានៅសាកលវិទ្យាល័យស៊ីលី ស្តីពីការវិវត្តន៍របស់អាស៊ាន ក្នុងនាមជាសហគមន៍ ដោយបានជម្រាបជូនពីគោលបំណងចំបងក្នុងការបង្កើតអាស៊ាន ដើម្បីធានាថា ប្រទេសនានានៅក្នុងតំបន់គ្មានជម្លោះ តាមរយៈការស្វែងរកការអភិវឌ្ឍសេដ្ឋកិច្ច។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានចែករំលែកពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងកំពុងបន្តរបស់អាស៊ាន ក្នុងការថែរក្សាតួនាទីរបស់ខ្លួន ជាកម្លាំងចលករក្នុងការរៀបចំនិម្មាបនកម្មតំបន់ ចំពេលដែល បរិយាកាសយុទ្ធសាស្ត្រកំពុងប្រែប្រួល រួមទាំងតាមរយៈចក្ខុវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ជាដើម។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានគូសបញ្ជាក់អំពីសក្តានុពលដែលមិនទាន់បានប្រើប្រាស់ ដែលអាស៊ាន និងស៊ីលីអាចធ្វើរួមគ្នាបាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ។






