ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Peter Buttigieg រដ្ឋមន្ត្រីដឹកជញ្ជូនសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការអនុវត្តផែនការកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០២២-២០២៥ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ប្រសិទ្ធភាពដឹកជញ្ជូន និងគំនិតផ្តួចផ្តើមនានាដែលមានភាពធន់ នៅក្នុងតំបន់អាស៊ាន ក៏ដូចជា កិច្ចសហប្រតិបត្តិការដឹកជញ្ជូនដ៏មានសក្តានុពលផ្សេងទៀត រវាងអាស៊ាន និងសហរដ្ឋអាមេរិក ក្រោយឆ្នាំ២០២៥ ។






