
តបតាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២៥ នៅប្រជុំកោះឡាងកាវី ប្រទេសម៉ាឡេស៊ី។
កិច្ចប្រជុំ AMM Retreat គឺជាការជួបជុំលើកដំបូងរបស់បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងឆ្នាំ២០២៥។
កិច្ចប្រជុំនេះ នឹងចាប់ផ្តើមកិច្ចពិភាក្សាស្តីពីអាទិភាពសំខាន់ៗ នៃការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥ ក្រោមមូលបទ “បរិយាប័្នន និង និរន្តភាព” ព្រមទាំងរៀបចំការងាររបស់អាស៊ាន សម្រាប់ពេលពេញមួយឆ្នាំ។
ក្នុងចំណោមប្រធានបទពិភាក្សាសំខាន់ៗ រួមមានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងបញ្ហាសំខាន់ៗផ្សេងទៀត ពាក់ព័ន្ធនឹងការកសាងសហគមន៍អាស៊ាន។
កិច្ចប្រជុំចង្អៀតនេះ ក៏នឹងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាផងដែរ។
នៅក្នុងឱកាសស្នាក់នៅ Langkawi ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏គ្រោងជួបពិភាក្សាការងារជាមួយ ឯកឧត្តម Thongsavanh Phomvihane រដ្ឋមន្ត្រីការបរទេសឡាវផងដែរ។
