នៅព្រឹកថ្ងៃសុក្រ ៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីនិន្នាការអភិវឌ្ឍន៍ថ្នាក់តំបន់នាពេលអនាគត។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរវេទិកាបូអាវសម្រាប់អាស៊ី ដែលបានរៀបចំសន្និសីទប្រចាំឆ្នាំដោយជោគជ័យ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូប និងបានវិវត្តន៍ខ្លួន ទៅជាវេទិកាឈានមុខមួយ សម្រាប់ឱ្យមេដឹកនាំនយោបាយ ធុរកិច្ច និងសិក្សាធិការមកពីអាស៊ី និងពិភពលោក ធ្វើការពិភាក្សាលើបញ្ហានានា ដែលជះឥទ្ធិពលផ្ទាល់ដល់តំបន់ និងពិភពលោក។






