នៅរសៀលថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងដាវ៉ូសក្លូសស្ទរ ប្រទេសស្វីស ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Jared Cohen ប្រធានកិច្ចការសកលរបស់ក្រុមហ៊ុន Goldman Sachs។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងភាពធន់ក្នុងតំបន់អាស៊ាន តាមរយៈការធ្វើទំនើបកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទាក់ទាញការវិនិយោគបៃតង និងសម្របសម្រួលការផ្លាស់ប្តូរបៃតង នៅជុំវិញវិស័យសំខាន់ៗ ជាដើម។ កិច្ចពិភាក្សាក៏បានផ្តោតលើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងសហការ ដើម្បីដោះស្រាយការប្រឈមជាសកល និងចាប់យកឱកាសសម្រាប់វិបុលភាពរយៈពេលវែង។






