
នៅរសៀលថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានពិភាក្សាការងារជាមួយ លោកស្រី Sue Biniaz ប្រេសិតពិសេសរងទទួលបន្ទុកអាកាសធាតុរបស់សហរដ្ឋអាមេរិក។ កិច្ចប្រជុំបានស្វាគមន៍កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិកស្តីពីបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុលើកទី ១ ដែលបានប្រព្រឹត្តទៅកាលពីខែសីហា ឆ្នាំមុន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងសហរដ្ឋអាមេរិក ស្តីពីការកាត់បន្ថយ ការបន្សាំការបម្រែបម្រួលអាកាសធាតុ នវានុវត្តន៍ ហិរញ្ញវត្ថុអាកាសធាតុ និងការអភិរក្សជីវៈចម្រុះ ជាដើម។


