នៅរសៀលថ្ងៃពុធ ១០ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីការងាររបស់អាស៊ាន ព្រមទាំងរិះរកវិធី និងមធ្យោបាយដើម្បីពង្រឹងតំបន់អាស៊ាន ជាចំណុចស្នូលនៃកំណើន ស្របគ្នាជាមួយមូលបទរបស់ឥណ្ឌូណេស៊ីក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៣ ។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានបញ្ជាក់ឡើងវិញអំពីការគាំទ្រពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន ចំពោះប្រទេសឡាវ ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយ។






