តបតាមការអញ្ជើញរបស់ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន អញ្ជើញចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៧ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី ១០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅព្រឹកថ្ងៃពុធ ៣ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៧ ដែលបានប្រព្រឹត្តទៅក្រោមប្រធានបទ “សន្តិភាព វិបុលភាព និងសន្តិសុខ”។
កិច្ចប្រជុំបានអនុម័តឯកសារសំខាន់ៗមួយចំនួន រួមទាំង កម្មវិធីការងាររបស់រដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ ២០២៣-២០២៦ ឯកសារទស្សនទានស្តីពីការអនុវត្តចក្ខុវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកពីទស្សនវិស័យខាងការពារជាតិ ក៏ដូចជា សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានដើម្បីសន្តិភាព វិបុលភាព និងសន្តិសុខ ជាដើម។






