នៅព្រឹកថ្ងៃអង្គារ ១២ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យលោក Charles Chia នាយកប្រតិបត្តិមូលនិធិហុងកុង-អាស៊ាន ចូលជួបសំដែងការគួរ សម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើវិស័យនានាដែលអាចសហការគ្នាបាន ដូចជា វិស័យអប់រំ និងយុវជន វប្បធម៌ និងសិល្បៈ និងវិស័យផ្សេងៗទៀត ដែលអាចចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនអាស៊ាន និងចិន។






