ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីបំពាក់ឋាន្តរស័ក្តិ ផ្ទេរភាកិច្ច និងប្រគល់បណ្ណសសើរនៅឯសាលប្រជុំសាលាខណ្ឌមានជ័យ នាព្រឹកថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សេង សុគន្ធ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងនូវការកោតសសើរចំពោះមន្ត្រីជំនាញនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យទាំងអស់ បានខិតខំទប់ស្កាត់រាល់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួនថយចុះយ៉ាងខ្លាំងគួរជាទីមោទនៈ រហូតដល់ថ្នាក់លើបានផ្តល់បណ្ណសសើរ។
លោកឧត្តមសេនីយ៍ត្រី សេង សុគន្ធ បានលើកឡើងបន្ថែមថា នៅក្នុងខែមេសា ឆ្នាំ២០១៨ ខណ្ឌមានជ័យ មានកើតបទ ល្មើសចំនួន ០៦លើក។ ដោយឡែកនៅក្នុងខែឧសភា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចជំនាញ របស់ខណ្ឌមានជ័យ បានខិតខំទប់ស្កាត់កាត់បន្ថយបទល្មើសនៅត្រឹមតែ០១លើកប៉ុណ្ណោះ បានន័យថយចុះ៥លើក។
លោកឧត្តមសេនីយ៍ត្រី សេង សុគន្ធ ក៏បានជម្រុញឲ្យសមត្ថកិច្ចជំនាញគ្រប់ផ្នែក គ្រប់ប៉ុសិ៍្តរដ្ឋបាលទាំង៧ ធ្វើយ៉ាងបន្តពង្រឹងសន្តិសុខបន្ថែមទ្វេរដងទាំងបទល្មើសគ្រឿងញៀន ទាំងបទព្រហ្មទណ្ឌ ជាពិសេសពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យដូចភ្លៀងរលឹម។
លោកឧត្តមសេនីយ៍ត្រី សេង សុគន្ធ ក៏បានណែនាំដល់កងកម្លាំងត្រូវចេះទំនាក់ទំនងល្អជាមួយពលរដ្ឋ នូវសេវាសាធារណៈ ល្អដល់ពលរដ្ឋកុំរើសអើងនិន្នាការនយោបាយ ចេះកសាងមូលដ្ឋានសម្ងាត់ ស្តាប់សភាពការសន្តិសុខក្នុងមូលដ្ឋាន ទៅលើជនអគតិមួយចំនួន ដែលមានចេតនាបង្កអុកឡុក និងមានចេតនារារាំងពលរដ្ឋមិនឲ្យពលរដ្ឋទៅបោះឆ្នោត។
លោកឧត្តមសេនីយ៍ត្រី សេង សុគន្ធ ក៏បានជម្រុញបន្ថែមទៅលើការងារសន្តិសុខ ទៅលើការងារព័ត៌មានចិត្តសាស្ត្រ ព្រោះការឃោសនាបោះឆ្នោតខិតជិតមកដល់នាពេលខាងមុខឆាប់ៗនេះ ត្រូវស្តាប់សភាពការណ៍ និងរាយការណ៍មកថ្នាក់ លើមុនហេតុការណ៍កើតឡើង មិនត្រូវរាយការណ៍ក្រោយហេតុការណ៍កើតឡើងនោះទេ។ ត្រូវយកចិត្តទុកដាក់ទៅលើការស្លៀកពាក់ឯកសណ្ឋានឲ្យបានសមរម្យ ត្រូវយកចិត្តទុកដាក់បង្កើនចំណេះដឹងផ្នែកភាសាបរទេស សំរាប់នគរបាលប៉ុសិ៍្តរដ្ឋបាល ត្រូវបើកទ្វារទទួលពាក្យបណ្តឹងរបស់ពលរដ្ឋគ្រប់ពេលវេលា សភាពរាបសាររម្យទុំ តែម៉ឺងម៉ាតក្នុងការងារ។
ជាមួយគ្នានេះផងដែរ លោកឧត្តមសេនីយ៍ត្រី សេង សុគន្ធ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចំពោះបងប្អូនមន្ត្រី នគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដែលទើបនិងបានតម្លើងឋានន្តរស័កិ្ត ផ្ទេរភាកិច្ចនាពេលនេះ។
គួរបញ្ជាក់ថា អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានរៀបចំពិធីបំពាក់ឋានន្តរស័កិ្ត និងផ្ទេរភារកិច្ចជូនដល់មន្ត្រីរបស់ខ្លួន ៣៦នាក់ ដែលទទួលបានការអញ្ជើញចូលរួមជាអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សេង សុគន្ធ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ និងលោក មា សុភាព អភិបាលរងខណ្ឌមានជ័យ តំណាងលោកពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ៕ តា ឡឹម










