ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ របស់សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចគឺជាករណីគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធដែល កើតឡើងដោយសារភាគីម្ខាងទៀតបើកបរដោយខ្វះការប្រុងប្រយ័ត្នផ្ទុកមនុស្សលើចំណុះនិងមានល្បឿនហួសកំណត់។
ក្នុងសន្និសីទសារព័ត៌មាននៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានប្រកាសបដិសេធចោលទាំងស្រុង ចំពោះព័ត៌មានទាំងឡាយណាដែលបាន លើកឡើងថា ករណីនេះមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ ដែលព័ត៌មាននេះផ្ទុយស្រឡះពីការពិត និងការស៊ើបអង្កេត ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានថ្លែងយ៉ាងដូច្នេះថា «លទ្ធផលនៃការស៊ើបអង្កេតដូចដែលបានបង្ហាញជូននេះ គឺជាគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិសូមបដិសេធទៅលើព័ត៌មានទាំងឡាយណា ដែលលើកឡើងមិនត្រឹមត្រូវតាមការស៊ើបអង្កេតនេះ។
បើតាមអគ្គស្នងការរងនគរបាលជាតិរូបនេះ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើយដោយរថយន្ដ Highlander ជាប្រភេទ រថយន្ដឈ្នួលធ្វើដំណើរពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ។ រថយន្ដបង្កនោះ បានផ្ទុកមនុស្សលើសចំណុះ ហើយ បើកបរក្នុងល្បឿនយ៉ាងលឿនលើសកំណត់ (១០០គីឡូម៉ែត្រក្នុង១ម៉ោង) ដែលនាំអោយមានការពិបាកក្នុងការបញ្ជាយាន យន្ដ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានរៀបរាប់ថា បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅមុនពេលកើតហេតុ រថយន្ដ បង្កបានឡើងវ៉ារថយន្ដមួយគ្រឿងម៉ាក Lexus RX300 ស្រាប់តែពេលកំពុងឡើងវ៉ានោះ ក៏ពើបប្រទះនឹងរថយន្ដក្បូនរបស់ សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ដែលកំពុងតែបើកច្រាសទិសគ្នា ហើយអ្នកបើកបររថយន្ដបង្កបានបន្ថែមល្បឿន ដើម្បីវ៉ា អោយផុតហើយគេចចូលមកខាងស្ដាំដៃវិញ ។ ពេលនោះរថយន្ដបានគេចជ្រុលមកខាងស្ដាំ បណ្ដាលអោយធ្លាក់ផ្លូវមួយ ចំហៀង ហើយអ្នកបើករថយន្ដ ក៏បួងចង្កូតមកខាងឆ្វេងវិញ ស្រាប់តែព្រះទីនាំងរបស់ សម្ដេចក្រុមព្រះ មកដល់ក៏បុកពេញ ទំហឹងតែម្ដង ។
យ៉ាងណាមិញចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក ប្លុង វិសាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានសម្រេចឃុំខ្លួនអ្នកបើកបររថយន្តតាក់ស៊ី ឈ្មោះ ម៉ិល សារ៉េត អាយុ៣៤ឆ្នាំ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បើកបុក ព្រះទីនាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បណ្តាលអោយទ្រង់រងរបួសធ្ងន់ និង អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ។
តុលាការបានសម្រេចចោទប្រកាន់ អ្នកបើកបររថយន្ដតាក់ស៊ី ពីបទបើកបរធ្វេសប្រហែស បណ្តាលរបួសនិងស្លាប់អ្នក ដទៃ។
សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចំណុច គីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេកឃុំអូរចំណារស្រុកព្រៃណប់ខេត្ដព្រះសីហនុកាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ ។






