រាជធានីភ្នំពេញ ៖ ហេតុការណ៍អគ្គីភ័យមួយ បានឆាបឆេះរោងចក្រ (អុីយីង) ដែលជារោងចក្រផលិតឆ័ត្រមួយកន្លែង ជាប់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបង្កការឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៦ និង១០នាទីព្រលប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។
បើតាមសម្ដីកម្មកររោងចក្ររងគ្រោះខាងលើ ដែលស្នាក់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ នាវេលាម៉ោង៦ល្ងាច ថ្ងៃកើតហេតុ គឺកម្មករ កម្មការនីរោងចក្រខាងលើ បានបិតភ្លើង រៀបចំកន្លែងដូចសព្វដង និងបានចេញពីធ្វើការបាត់អស់ តែមិនដឹងយ៉ាងមិុច ស្រាប់តែរំលងបាន១០នាទីក្រោយមក ស្រាប់តែឃើញផ្សេងហ៊ុយឡើងខ្មៅមេឃចេញពីក្នុងរោងចក្រ ភ្លាមៗប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ច ឲ្យយករថយន្តពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍បាញ់ពន្លត់។
ក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើនេះ គេសង្កេតឃើញមានវត្តមានលោក ព្រហ្ម យ៉ត ប្រធានការិយាល័យពន្លត់ និងបង្ការអគ្គីភ័យនៃរាជធានីភ្នំពេញ និងលោក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ រួមជាមួយកងរាជអាវុធ ព្រមទាំងប្រជាការពារខណ្ឌ បងប្អូនប្រជាពលរដ្ឋ បានសហការគ្នាយ៉ាងញ៉ាប់ដៃ ញ៉ាប់ជើង ធ្វើការបាញ់ពន្លត់អស់ទឹកចំនួន០៤គ្រឿង ហើយអគ្គីភ័យខាងលើក៏បានរលត់១០០%ទៅវិញ នៅវេលាម៉ោង១៩ និង១០នាទីយប់ថ្ងៃដដែល ហើយក្នុងនោះ ក៏មានរថយន្តពន្លត់អគ្គីភ័យចំនួន១១គ្រឿង មកត្រៀមធ្វើការបាញ់ពន្លត់ផងដែរ។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ចំពោះទំហំនៃការខូចខាត គឺមិនទាន់ដឹងនៅឡើយទេ ព្រោះខាងរោងចក្ររងចាំក្រុមហ៊ុនធនាគាររ៉ាប់រង មកវាយតំលៃអំពីទំហំនៃការខូចខាត ដោយឡែកពាក់ព័ន្ធនៃមូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះ សមត្ថកិច្ចនិងប្រជាពលរដ្ឋបានត្រឹមតែសនិដ្ឋានថា បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី៕ សុខស៊ីថា









