ប្រហែល៦ខែ បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ នៅក្នុងប្រទេសប៉ាគីស្ថាន មនុស្សជាង១០លាននាក់នៅតែខ្វះខាតទឹកស្អាតប្រើប្រាស់ នៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។
ទីភ្នាក់ងារកុមាររបស់អង្គការ សហប្រជាជាតិ ឬយូនីសេហ្វ បាននិយាយនៅក្នុងរបាយ ការណ៍កាលពីថ្ងៃអង្គារថា គ្រួសារដែលរស់នៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ មិនមានជម្រើសក្រៅពីផឹក និងប្រើប្រាស់ទឹក កង្វក់និងមិនមានការកម្ចាត់មេរោគនោះទេ។
គួរបញ្ជាក់ថា ទឹកជំនន់ដ៏អាក្រក់បំផុតរបស់ប្រទេសប៉ាគីស្ថាន បានចាប់ផ្តើមនៅក្នុងខែមិថុនា ដោយសារតែភ្លៀងធ្លាក់ខ្លាំង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៧៣៩នាក់ រួមទាំងកុមារ ៦៤៧ នាក់ និងប៉ះពាល់ដល់មនុស្ស ៣៣ លាននាក់។
យោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វ ប្រជាជនភាគច្រើន របស់ប្រទេសនេះមិនមានទឹកស្អាតប្រើប្រាស់សូម្បីតែមុនពេលទឹកជំនន់ក៏ដោយ។
បន្ទាប់ពីគ្រោះមហន្តរាយ បានបណ្តាលឱ្យខូចខាតដល់ប្រព័ន្ធទឹកភាគច្រើននៅក្នុងតំបន់ដែលរងផលប៉ះពាល់ ហើយបានបង្ខំមនុស្សជាង ៥.៤លាននាក់ រួមទាំងកុមារ ២.៥លាននាក់ “ពឹងផ្អែកទាំងស្រុងលើទឹកកខ្វក់ពីស្រះ និងអណ្តូង”។
របាយការណ៍បាននិយាយថា “មានតែ ៣៦% នៃទឹករបស់ប្រទេសត្រូវបានចាត់ទុកថាមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ទោះបីជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់ប្រទេសនេះគ្របដណ្តប់ ៩២% នៃចំនួនប្រជាជនក៏ដោយ”។
របាយការណ៍នេះ បានលើកឡើងពីស្ថាន ភាពដ៏អាក្រក់ ដែលគ្រួសាររស់នៅជិតទឹកកង្វក់ដែលនៅទ្រឹងក្រោយទឹកជំនន់ដែលធ្វើឲ្យពួកគេងាយរងគ្រោះទៅនឹងជំងឺដែលឆ្លងតាមទឹកដូចជា ជំងឺអាសន្នរោគ រាគ គ្រុនឈាមនិងគ្រុនចាញ់។
ជំងឺទាំងនេះរារាំងកុមារពីការទទួលបានសារធាតុចិញ្ចឹមសំខាន់ៗដែលពួកគេត្រូវការ ហើយធ្លាក់ចូលទៅក្នុង“វដ្តដ៏កាចសាហាវនៃកង្វះអាហារូបត្ថម្ភ និងការឆ្លងមេរោគ”៕
ប្រែសម្រួលដោយ ប៊ុន សុភាព






