កាលពីសប្តាហ៍កន្លងទៅ អ្នកនេសាទដែលរស់នៅតាមប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង បានប្រទះឃើញអណ្តើកហ្លូងញីមួយក្បាលរងរបួសធ្ងន់ត្រង់ស្នូកខាងលើកំពុងហែលនៅក្នុងប្រឡាយទឹករាក់ដែលតភ្ជាប់ពីដងព្រែកស្រែអំបិល។
ក្រោយពីបានស្គាល់់ថាអណ្តើកនោះជាប្រភេទអណ្តើកហ្លួង ដែលត្រូវការពារ អ្នក នេសាទនោះបានយកមកប្រគល់ជូនក្រុមការងារអង្គការ WCS ប្រចាំស្រុកស្រែអំបិលដើម្បីពិនិត្យព្យាបាល។
អណ្តើកនោះទម្ងន់១៤,៩គីឡូក្រាម បានរងរបួសដាច់ស្នូកខ្នងផ្នែកខាងឆ្វេងធ្លាយពីលើដល់ក្រោម ទំនងជាត្រូវរបួសដោយសារស្លាបចក្ររបស់សាឡង់ ឬកប៉ាល់ដឹកខ្សាច់ ឬទំនិញធំៗ ដែលចរាចរតាមផ្លូវទឹកផ្នែកខាងក្រោមនៃប្រព័ន្ធព្រែកស្រែអំបិលជាប់នឹងឆកសមុទ្រនៃស្រុកស្រែអំបិល។
យោងតាមការពិនិត្យមើលស្នាម របួស អណ្ដើកហ្លួងនោះ ទំនងជាបានរងគ្រោះថ្នាក់អស់រយៈពេលជាងមួយខែហើយ ព្រោះមុខរបួសបានជាសះស្បើយស្ទើរតែទាំងស្រុងទៅហើយ លើកលែងតែស្នូកទេដែលមិនទាន់តជាប់គ្នាៗវិញបាន។
យោងតាមទិន្នន័យនៅក្នុងបន្ទះឈីប(Chip) ដែលបង្កប់នៅក្នុងជើងក្រោយរបស់អណ្តើកនោះ ក្រុមការងារអង្គការ WCS អាចស្គាល់អត្តសញ្ញាណច្បាស់ថា អណ្តើកនោះ ត្រូវបានលែងចូលក្នុងប្រព័ន្ធព្រែកស្រែអំបិ លកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមគម្រោងអភិរក្សអណ្តើកហ្លួង ដែលអនុវត្តដោយអង្គការ WCS សហការជាមួយរដ្ឋបាលជល ផល។
ដោយពិនិត្យឃើញស្នាម របួសមានសភាពធ្ងន់ធ្ងរ ក្រុមការងារអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងឆ្លងតាមការពិគ្រោះយោបល់ជាមួយអ្នកជំនាញនៅមជ្ឈ មណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានបញ្ជូនអណ្ដើកនេះ ទៅកាន់មជ្ឈមណ្ឌល ACCB នៅក្នុងខេត្ត សៀមរាប ដើម្បីពិនិត្យនិងព្យាបាល។
ទោះបីជាអណ្តើកនោះបានរងរបួសធ្ងន់ធ្ងរក្តី ក៏ប៉ុន្តែមុខរបួសហាក់ដូចជាបានជាសះស្បើយស្ទើរតែទាំងស្រុងហើយ។ តែទោះជាយ៉ាងនេះក្តី អណ្តើកនោះត្រូវការរយៈពេលយូរដើម្បីព្យា បាលរបួសនៅមជ្ឈមណ្ឌល ACCB ឱ្យជាសះស្បើយទាំងស្រុងដូចសភាពដើមវិញ។
យោងតាមលទ្ធផលនៃការថតកាំរស្មីអិច (X-Rays) ពុំមានសញ្ញាណអ្វីមួយដែលត្រូវព្រួយបារម្ភបន្ថែមទេ។
អណ្តើកហ្លួងត្រូវបានចាត់ទុកជាឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណា ចក្រកម្ពុជា។
អណ្តើកហ្លួងក៏ត្រូវបានអង្គ ការ IUCN ចាត់ចំណាត់ថ្នាក់ជាប្រភេទដែលកំពុងទទួលរងការគំរាមកំហែងជិតផុតពូជបំផុតនៅលើពិភពលោក និងជាប្រភេទដែលអង្គការសាយតេស និងច្បាប់ជលផលនៃព្រះរាជាណាចក្រកម្ពុជា ហាមដាច់ខាតមិនឱ្យចាប់ លក់ ដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម៕






