
អង្គការ WCS បង្ហាញក្តីបារម្ភពីចំនួនសត្វខ្សឹប ដែលបានថយចុះយ៉ាងគំហុកក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយ ។
បច្ចុប្បន្ន វត្តមានសត្វនេះ ភាគច្រើនមាននៅក្នុងខេត្តកំពង់ធំ និងមានតិចតួចបំផុតនៅក្នុងខេត្តសៀមរាប ខេត្តបន្ទាយ មានជ័យ បាត់ដំបង និងពោធិ៍សាត់។ នេះបើតាមអង្គការ WCS បានសរសេរបង្ហោះនៅលើទំព័រហ្វេសបុករបស់ខ្លួន។
សត្វខ្សឹប ជាប្រភេទសត្វតំបន់វាលស្មៅ មានដើម កំណើតនៅឧបទ្វីបឥណ្ឌា ប្រទេសកម្ពុជា និងក៏ធ្លាប់មាននៅវៀត ណាមផងដែរ។
វាត្រូវបានចុះបញ្ជីជាប្រភេទបក្សីជិតផុតពូជបំផុតនៅលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយវាត្រូវបានប៉ាន់ប្រ មាណថា មានចំនួនតិចជាង ៥០០ ក្បាលនៅលើពិភពលោក។
អង្គការ WCS ឲ្យដឹងថា ប្រទេសកម្ពុជាបានក្លាយជាទីជម្រកសម្រាប់វត្តមាននៃអនុប្រភេទ ដែលនៅសេសសល់ នៅលើពិភពលោក។ ប៉ុន្តែចំនួនសត្វខ្សឹបនៅកម្ពុជា បានថយចុះយ៉ាងគំហុកក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានវត្តមានភាគច្រើននៅក្នុងខេត្តកំពង់ធំ មានតិចតួចនៅ ក្នុងខេត្តសៀមរាប និងមានតិចតួចបំផុតនៅខេត្តបន្ទាយ មានជ័យ បាត់ដំបង និងពោធិ៍សាត់។
អង្គការនេះបានបញ្ជាក់ថា៖ «សត្វខ្សឹបរស់នៅតាមតំបន់វាលស្មៅធម្មជាតិដែលមានលាយឡំជាមួយនឹងគុម្ពោតព្រៃដុះរាយប៉ាយ។ កត្តាគំរាមកំហែងធំៗដល់ការរស់នៅរបស់សត្វខ្សឹប រួមមាន ការបាត់បង់ទីជម្រកពាក់ព័ន្ធទៅនឹងការបំប្លែងតំបន់វាលស្មៅ និងតំបន់ដាំដុះស្រូវបែបយថាផលទៅជាតំបន់ដាំដុះស្រូវបែបប្រពលវប្បកម្ម (ពីរទៅបីដងក្នុងមួយឆ្នាំ) ការប្រមាញ់ខុសច្បាប់ និងការហើរបុកទង្គិចជាមួយខ្សែបណ្តាញអគ្គិសនី»។
នៅក្នុងឆ្នាំ ២០០៩ អង្គការ WCS និងដៃគូ បានបោះពុម្ពផ្សាយលទ្ធផលនៃការស្រាវជ្រាវរយៈពេលជាង ១០ ឆ្នាំ។ លទ្ធផលនៃការស្រាវជ្រាវនោះបានបង្ហាញថា ចំនួនសត្វខ្សឹបឈ្មោលដែលលោតបង្អួតខ្លួននៅរដូវបន្តពូជ តាមរយៈទិន្ន ន័យជំរឿនឆ្នាំ ២០១៨ មានតែ១០៤ ក្បាលប៉ុណ្ណោះ នៅកម្ពុជា។ ដើម្បីការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតតំបន់អភិរក្សសត្វខ្សឹបនៅជុំវិញបឹងទន្លេសាប ដែលបច្ចុប្បន្ននេះត្រូវបានកំណត់ឈ្មោះថា «តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប» គ្របដណ្តប់លើផ្ទៃដីទំហំ ៣១ ១៥៩ ហិកតា ក្រោមអនុក្រឹត្យលេខ ៨៨. អនក្រ.បក លាតសន្ធឹងឆ្លងកាត់ខេត្តកំពង់ធំ និងសៀមរាប។ បន្ថែមពីនេះ អង្គការ WCS ក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថានដើម្បីអភិរក្សតំបន់នេះ និងការពារសត្វខ្សឹបព្រមទាំងប្រភេទសត្វស្លាបកម្រៗដទៃទៀតដូចជា ចាបព្រៃវែង ជាដើម។
សូមជម្រាបថា យោងតាមប្រកាសលេខ ០២០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សត្វខ្សឹបត្រូវបានធ្វើចំណាត់ថ្នាក់ជាប្រភេទសត្វ«ក្រម»។
ច្បាប់ស្តីពីតំបន់ការ ពារធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៥៦ និង ៦១ ស្តីពីបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ជនទាំង ឡាយណាដែលចាប់ ដាក់អន្ទាក់ ប្រមាញ់ ធ្វើឱ្យរបួស បំពុល សម្លាប់ យកចេញ ប្រមូលពងកូន និងសត្វព្រៃ ដែលជាប្រភេទងាយរងគ្រោះ ប្រភេទកម្រ ឬប្រភេទជិតផុតពូជបំផុត នឹងត្រូវទទួលទោសទណ្ឌជាប់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១៥ លានរៀលដល់១៥០ លានរៀល៕





