
អតីតប្រធានាធិបតីស្រីលង្កាលោកហ្គូតាបាយ៉ា រ៉ាចាផាកស្សា (Gotabaya Rajapaksa) ដែលកាលពីខែមុនបានភៀសខ្លួនចេញពីការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេស បានមកដល់ប្រទេសថៃ តាមជើងហោះហើរពីសិង្ហបុរី ជាកន្លែងដែលគាត់ស្នាក់នៅតាំងពីពាក់កណ្តាលខែកក្កដា។ មន្ត្រីជាន់ខ្ពស់ថៃ បាននិយាយថា អតីតមេដឹក នាំរូបនេះ បានចុះចតនៅលើយន្តហោះឯកជននៅឯអាកាសយានដ្ឋានអន្តរជាតិ ដនមឿង ទីក្រុងបាងកកនៅម៉ោងប្រហែល ៨យប់ម៉ោងក្នុងស្រុក។ ប្រព័ន្ធផ្សព្វ ផ្សាយក្នុងស្រុក បានរាយ ការណ៍ថា គាត់បានចាកចេញពីអាកាសយានដ្ឋានប្រហែល ៤០នាទី ជាមួយប្រពន្ធរបស់គាត់ និងបានចូលទៅក្នុងរថយន្តស្ព័រពណ៌ខ្មៅ។មន្ត្រីនៅប្រទេសថៃ កាលពីថ្ងៃពុធ បាននិយាយថា ពួកគេត្រូវបានស្នើសុំដោយរដ្ឋាភិបាលស្រីលង្កាឱ្យអនុញ្ញាតឱ្យគាត់ចូល ហើយថាគាត់នឹងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្ន។ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអ៊ូចា (Prayuth Chan-ocha) បាននិយាយថា លោកបានដឹងអំពីដំណើរទស្សនកិច្ចរបស់ លោករ៉ាចាផាកស្សា (Rajapaksa) ហើយថា ជាការអនុញ្ញាតសម្រាប់ហេតុផលមនុស្សធម៌ ដោយសារតែអតីតប្រធានា ធិបតីរូបនេះ កំពុងស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសទីបី។
អ្នកនាំពាក្យក្រសួងការបរទេសថៃលោក សេនហ្គ្រាត (Sangrat) បាននិយាយកាលពីថ្ងៃពុធថា ការស្នាក់នៅរបស់លោករ៉ាចារ៉ាចាផាកស្សា (Rajapaksa) គឺមានលក្ខណៈបណ្តោះអាសន្ន ក្នុងគោលបំណងនៃការធ្វើ ដំណើរបន្ត ហើយលោកមិនមានសិទ្ធិជ្រកកោនខាង នយោបាយណាមួយទេ។ លោកថាដោយសារតែអតីតប្រធានាធិបតីរូបនេះកាន់លិខិតឆ្លងដែនការទូតលោកនឹងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅរយៈពេល ៩០ ថ្ងៃ ដោយមិនចាំបាច់មានទិដ្ឋាការ។
គួរបញ្ជាក់ថាលោករ៉ាចាផាកស្សា មិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈអំពីគម្រោងធ្វើដំណើររបស់គាត់ទេ។ ប៉ុន្តែគេជឿថា លោករ៉ាចាផាកស្សា ចង់ត្រឡប់ទៅប្រទេសខ្លួនវិញ ពេលដែលការតវ៉ាប្រឆាំងនឹងរដ្ឋបាលរបស់គាត់បានរលត់ ប៉ុន្តែអ្នកស្នងតំណែងរបស់គាត់លោករ៉ានីល វិចគ្រីមីស៊ីងហឺ បានប្រឆាំងនឹងការត្រលប់ទៅវិញរបស់អតីតប្រធានាធិបតីរូបនេះ៕
ប្រែសម្រួលដោយ ប៊ុន សុភាព

