អត្រាប្រេវ៉ាឡង់ជំងឺរបេងក្នុងរយៈពេល១២ឆ្នាំនៅកម្ពុជា មានចំនួនធ្លាក់ចុះប្រហែល៥០% ពោលគឺមានចំនួនធ្លាក់ចុះប្រហែល ៥០% ឬស្មើនឹង ៥-៦% ក្នុងមួយឆ្នាំ។ នេះជាការបញ្ជាក់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ក្នុងជំនួបសំដែងការគួរសមជាមួយឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Ikushi Onozaki តំណាងក្រុមការងារស្រាវជ្រាវ បានជម្រាបជូនថា បើប្រៀបធៀបជាមួយនឹងនៃការស្រាវជ្រាវអត្រាប្រេវ៉ាឡង់ចុងក្រោយក្នុងឆ្នាំ២០១១ លទ្ធផលលើកទី៣នេះបង្ហាញពីមានការថយចុះគួរឱ្យកត់សម្គាល់នៃប្រេវ៉ាឡង់ជំងឺរបេងក្នុងរយៈពេល១២ឆ្នាំកន្លងមក ដែលមានចំនួនធ្លាក់ចុះប្រហែល៥០% ឬស្មើនឹង ៥-៦% ក្នុងមួយឆ្នាំ។ ការកាត់បន្ថយយ៉ាងខ្លាំងបែបនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មវិធីជាតិកំចាត់រោគរបេង និងការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងអំឡុងពេលកន្លងមកនេះ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីឈាង រ៉ា បានបញ្ជាក់ថា ការស្រាវជ្រាវប្រេវ៉ាឡង់នៃជំងឺរបេង ពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីប៉ាន់ស្មានអត្រាប្រេវ៉ាឡង់នៃជំងឺរបេងសួតវិជ្ជមានបាក់តេរី (PTB) ក្នុងចំណោមប្រជាជនក្នុងប្រទេសកម្ពុជាដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ទៅក្នុងឆ្នាំ២០២៣។
ពិសេសរួមចំណែកក្នុងការប៉ាន់ប្រមាណឡើងវិញ នូវអត្រាកើតថ្មីនៃជំងឺរបេងនៅទូទាំងប្រទេស និងអត្រាមរណៈភាពបណ្តាលមកពីជំងឺរបេងគ្រប់វ័យ។
ទោះបីជាកម្ពុជាមានអត្រាបន្ទុកជំងឺរបេងថយចុះច្រើនជាងគេ បើប្រធៀបនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ប៉ុន្តែជំងឺរបេងនៅតែជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈក្នុងប្រទេសកម្ពុជានៅឡើយ ដូចជាជំងឺរបេងក្នុងចំណោមអ្នកជំងឺអេដស៍ ទឹកនោមផ្អែម ជំងឺកង្វះអាហារូបត្ថម្ភ និងអ្នកជក់បារីជាដើមហើយយើងនៅមានកិច្ចការដែលត្រូវធ្វើ ដើម្បីដោះស្រាយបន្ទុកដែលនៅសេសសល់ទាំងនេះ។ ដើម្បីឈានទៅសម្រេចបានមហិច្ឆិតាខាងលើ តម្រូវឱ្យមានការវិនិយោគ និងការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នដើម្បីកំណត់អាទិភាពជាយុទ្ធសាស្ត្រ។
លោកវេជ្ជបណ្ឌិត Ikushi Onozaki បានបញ្ជាក់បន្ថែមថា អង្គការសុខភាពពិភពលោកនឹងប្រើប្រាស់លទ្ធផលដែលបានមកពីការស្រាវជ្រាវអត្រាប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣ របស់ប្រទេសកម្ពុជា ដើម្បីប៉ាន់ប្រមាណឡើងវិញនូវអត្រាកើតជំងឺរបេង និងអត្រាស្លាប់។
ដោយផ្អែកលើទិន្នន័យអត្រាប្រេវ៉ាឡង់នេះ យើងរំពឹងថាការប៉ាន់ប្រមាណអត្រាឈឺ នឹងមានការថយចុះខ្លាំងជាងការប៉ាន់ស្មានបច្ចុប្បន្ន។ ការប៉ាន់ស្មានចុងក្រោយនឹងមានផ្សព្វផ្សាយជាសាធារណៈនៅក្នុងរបាយការណ៍ជំងឺរបេងសកលរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០២៥។
របាយការណ៍ថ្មី នៃជំងឺរបេងសកលប្រចាំឆ្នាំ២០២៤ របស់អង្គការសុខភាពពិភពលោក នឹងត្រូវបានបោះពុម្ពនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៤ ឆាប់ៗនេះ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយ តម្លៃខ្ពស់ចំពោះលទ្ធផលនៃការស្រាវវជ្រាវយ៉ាងល្អិតល្អន់ និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ដែលទទួលស្គាល់ដោយអង្គការ សុខភាពលោក។
លទ្ធផលនេះ អាចជួយក្រសួងសុខាភិ បាល ក្នុងការធ្វើផែនការជាក់លាក់ សម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការអប់រំសុខភាពបង្ការការចម្លងមេរោគរបេង។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយកម្មវិធីជាតិកំចាត់រោគរបេង ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមផែនការយុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺរបេងនៅកម្ពុជា ឆ្នាំ២០២១-២០៣០៕
អ៊ូង សុភារុន