លោកស្រី Manuela V. Ferro អនុប្រធានធនាគារ ពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបញ្ជាក់ថា ធនាគារពិភព លោកនឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា
ក្នុងឱកាសនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ លោកស្រីអនុប្រធានធនាគារ ពិភពលោក បានសម្ដែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាគោលនយោបាយគន្លឹះនៃការបង្កើតមូលដ្ឋានដ៏រឹងមាំ សម្រាប់សម្រេចបានចក្ខុវិស័យវែងឆ្ងាយ។
លោកស្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី ថា ធនាគារពិភពលោក គ្រោយនឹងអនុម័តក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា ឆ្នាំ ២០២៥-២០២៩ (CPF 2025- 2029) នាពេលខាងមុខនេះ ដែលក្របខ័ណ្ឌថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបានគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពរបស់កម្ពុជានាពេលអនាគត។
នៅចំពោះ មុខនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចតំបន់ និងពិភព លោក លោកស្រីបានលើកឡើងថា បណ្ដាប្រទេសនៅក្នុងតំបន់គួរតែពង្រឹងនូវឯករាជ្យភាពរបស់ខ្លួន ដោយត្រូវកំណត់ឱ្យបាននូវចលករនៃកំណើនថ្មីៗ សំដៅបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងភាពធន់។
ជាមួយគ្នានោះ លោកស្រីក៏បានគោរពជម្រាបជូន សម្ដេចបវរធិបតីថា ធនាគារពិភពលោកនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីកម្មវិធីនយោបាយជាអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានដូចជា៖ ការអភិវឌ្ឍមូលធនមនុស្ស, ការពង្រឹងគុណភាពនៃសេវាសុខាភិបាល និងការផ្ដោតយកចិត្តទុកដាក់លើការងារអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជាដើម ដែលទាំងនេះជាអាទិភាពចម្បង ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្ដេចបវរធិបតី ក៏បានបន្ថែមទៀតថា កម្ពុជាបាន និងកំពុងសិក្សាអំពីអភិក្រមនៃការពិនិត្យតាមដានថាតើមានយុវជនកម្ពុជាប៉ុន្មានភាគរយដែលគួរបន្តការសិក្សានៅកម្រិតចំណេះដឹងទូទៅ និង ថ្នាក់ឧត្តមសិក្សា ហើយមានយុវជនប៉ុន្មានភាគរយ ដែលគួរសិក្សាជំនាញវិជ្ជាជីវៈ ដោយ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា កម្ពុជាបាននិងកំពុងពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន បានដាក់ចេញកម្មវិធីនៃការកែទម្រង់ស៊ីជម្រៅ និងបានពង្រឹងវិស័យអាទិភាពនានាឱ្យកាន់តែល្អប្រសើរដើម្បីឱ្យក្លាយជាជន្ទល់ដែលមានភាពរឹងមាំ ក្នុងការទ្រងទ្រង់កំណើនសេដ្ឋកិច្ចជាតិ៕






