ពោធិ៍សាត់៖ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង រួមមាន តំណាងអគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស នាយកដ្ឋានផ្លូវថ្នល់ ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដើម្បីពិនិត្យ និងពិភាក្សាលើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ នៅចំណុចជើងភ្នំ១៥០០។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម លោក ជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈប្រតិភូនៃក្រសួងអធិការកិច្ច តំណាងស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរមានសមត្ថកិច្ចពាក់ព័ន្ធចំនួន៨ លោកអភិបាល នៃគណៈអភិបាលស្រុកវាលវែង និងមន្ត្រីជំនាញ សរុបចំនួន ៤៥ រូប នៅសាលាខេត្តពោធិ៍សាត់។
បន្ទាប់កិច្ចប្រជុំបានបញ្ចប់ គណៈប្រតិភូអន្តរក្រសួងក៏បានចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែង ដែលស្ថិតនៅចំណុចជើងភ្នំ ១៥០០ ត្រង់គីឡូម៉ែត្រទី១៥០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យលើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍នេះ សំដៅដោះស្រាយឱ្យបានឆាប់រហ័ស៕






