(ប៉ៃលិន)៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោកអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ និងមន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងហូរចុះយ៉ាងត្របាញ់ពីតំបន់ភ្នំ តាមស្ទឹង អូរនានាក្នុងខេត្តប៉ៃលិន ឆ្ពោះទៅកាន់តំបន់ទំនាបក្នុងឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះដល់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។
ភ្លៀងធ្លាក់រយៈពេលពីរថ្ងៃជាប់ៗគ្នានេះ បានធ្វើអោយមានជំនន់ទឹកភ្លៀង ជន់ប្រៀបលើមាត់អូរ មាត់ស្ទឹង ចូលដល់ក្រោមផ្ទះប្រជាពលរដ្ឋមួយចំនួន និងហូរយ៉ាងត្របាញ់ឆ្ពោះទៅតំបន់ទំនាបក្នុងឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ ធ្វើអោយមានការព្រួយបារម្ភពីថ្នាក់ដឹកនាំ មន្រ្តីជំនាញ ចំពោះផលប៉ះពាល់លើការរស់នៅ ការបង្ករបង្កើនផលដំណាំរបស់បងប្អូនប្រជាកសិករក្នុងខេត្តប៉ៃលិន ពីសេសនៅតាមតំបន់ទំនាបៗ។
ឃើញស្ថានភាពបែបនេះ លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាល នៃគណអភិបាលខេត្តប៉ៃលិនបានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្រ្តីជំនាញ ចុះពីនិត្យតាមដានពីស្ថានភាពទឹកជំនន់អោយបានជាប់លាប់, ហើយលោកជំទាវផ្ទាល់ ក៏បានដឹកនាំអភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក មន្រ្តីជំនាញចុះទៅដល់ឃុំស្ទឹងត្រង់ ដែលជាតំបន់ទំនាបបំផុត ពិនិត្យស្ថានភាពទឹកជំនន់នៅតំបន់នោះផងដែរ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ នៅអំឡុងចុងខែកញ្ញា និងខែតុលា តែងមានភ្លៀងធ្លាក់ខ្លាំង និងមានជំនន់ទឹកភ្លៀង ដែលបង្ករការខូចខាតផលដំណាំ សត្វចិញ្ចឹម និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិន។
ហេតុនេះ អាជ្ញាធរខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្រ្តីជំនាញទាំងអស់ តែងមានការរៀបចំប្រុងជើងការខ្ពស់ សម្រាប់ត្រៀមជួយសង្រ្គោះដល់ប្រជាពលរដ្ឋយើង ទាំងស្បៀងអាហារ និងមធ្យោបាយដឹកជញ្ជូនទៅកាន់ទីទួលខ្ពស់ មានសុវត្ថភាព ជាដើម។
លោកជំទាវ ក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដោយសារទឹកជំនន់ និងថែទាំសុខភាពអោយបានល្អ ពិសារទឹកឆ្អិន សំរាន្តក្នុងមុង ពិសេសត្រូវប្រយ័ត្នជាមួយសត្វអាសិរពិស មកយាយាយីដល់ក្រុមគ្រួសាររបស់ខ្លួន៕
ដោយ៖ sovannarith






