ខេត្តព្រះសីហនុ ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន តម្រូវឲ្យអភិបាលក្រុងព្រះសីហនុ ដឹកនាំក្រុមការងារចុះរុះរើសំណង់កំពង់ផែ ធ្វើអំពីបេតុងអាមេអត់ច្បាប់ របស់ឈ្មោះ តាន់ សុខុម ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ ដោយធ្វើការរុះរើចេញវិញឲ្យអស់ រក្សាឆ្នេរសមុទ្រចំណុចនោះ ឲ្យស្ថិតនៅក្នុងស្ថានភាពដូចដើមវិញ។
មន្រ្តីសាលាខេត្តព្រះសីហនុ លោក លីចិត្ត និយម បានឲ្យដឹងថា សំណង់គ្មានច្បាប់អនុញ្ញាតរបស់លោក តាន់ សុខុម ខាងលើនេះ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង តម្រូវឲ្យធ្វើការរុះរើម្តងរួចមកហើយ ដោយកាលនោះទុករយៈពេល៧ថ្ងៃ ដើម្បីឲ្យម្ចាស់សំណង់ធ្វើការរុះរើ ចេញដោយខ្លួនឯង គឺតាំងពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ មកម៉្លេះ ហើយបើគិតមកដល់ពេលនេះ មានរយៈពេលជាង១ខែមកហើយ ម្ចាស់សំណង់មិនបានអនុវត្តន៍តាមនោះទេ។ ប៉ុន្តែសំរាប់ពេលនេះ រដ្ឋបាលខេត្តបានចេញលិខិតថ្មីមួយទៀត ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ដោយក្នុងខ្លឹមសារនោះ តម្រូវឲ្យថ្នាក់ដឹកនាំរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំក្រុមការងារចុះធ្វើការរុះរើឲ្យមានប្រសិទ្ធិភាព ក្នុងគោលដៅធ្វើយ៉ាងណារក្សាស្ថានភាពឆ្នេរសមុទ្រតំបន់នោះក្នុងសភាពដូចដើមវិញ រួចហើយធ្វើរបាយការណ៍ស្តីពីលទ្ធផលជម្រាបជូនមករដ្ឋបាល ខេត្តវិញតាមកាលវេលាដីខ្លីសមគួរ។
គួរបញ្ជាក់ផងដែរថា សំណង់មិនមានច្បាប់អនុញាត ដែលសាងសង់រំលោភលើដីឆ្នេរសមុទ្រ និងសង់ចូលទៅក្នុងសមុទ្រតំបន់ទំនប់រលក ក៏ដូចជាតំបន់រំដួលជើងភ្នំបែបនេះ មានច្រើនណាស់ ប៉ុន្តែចំណាត់ការផ្លូវច្បាប់របស់មន្រ្តីជំនាញពាក់ព័ន្ធ ក៏ដូចរដ្ឋបាលក្រុង ខេត្តព្រះសីហនុ ហាក់មិនដែលមានប្រសិទ្ធភាពអ្វីនោះឡើយ គឺបានត្រឹមធ្វើកិច្ចសន្យាតម្រូវឲ្យម្ចាស់សំណង់ធ្វើការរុះរើ ឬកំណត់ពេលវេលារុះរើតែប៉ុណ្ណោះ។ ប៉ុន្តែការរុះរើជាក់ស្តែងនោះ ដូចជាមិនដែលឃើញនោះទេ តែផ្ទុយទៅវិញសំណង់ដែលត្រូវឲ្យធ្វើការរុះរើនោះ ភាគច្រើនភ្លេចៗខ្លួននឹងត្រូវគេធ្វើការសាងសង់ឡើងវិញយ៉ាងរលូន ដោយមិនដឹងថាមកពីមូលហេតុអ្វីនោះឡើយ។
ចំណុចនេះសរបញ្ជាក់ថា មន្រ្តីអនុវត្តន៍ច្បាប់ ហាក់ដូចជាមិនមានភាពទទួលខុសត្រូវ លើកិច្ចការបស់ខ្លួនអ្វីបន្តិចសោះ ជាហេតុធ្វើឲ្យមានការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ដោយចោទថាទង្វើបែបនេះ អាចជាអំពើពុករលួយយ៉ាងពិតប្រាកដ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរស់នៅតំបន់ទំនប់រលក នឹងរង់ចាំមើលពីចំណាត់ការរបស់ថ្នាក់ដឹកនាំក្រុងព្រះសីហនុ លើសំណង់គ្មានច្បាប់អនុញ្ញាត របស់លោក តាន់ សុខុម ដែលគេស្គាល់ច្បាស់ថា ជាឈ្មួញដ៏ធំក្នុងរបស់រកស៊ីទិញលក់ផលិតផលសមុទ្រ ដោយសង្ឃឹមថាថ្នាក់ដឹកនាំរដ្ឋបាលក្រុងព្រះសីហនុ នឹងអនុវត្តន៍តាមផ្លូវច្បាប់ វាយកម្ទេចចោលដោយគ្មានការយោគយល់ ដើម្បីជាការព្រមានដល់ជនខិលខូចមួយចំនួនទៀត ដែលកំពុងមានបំណងឃុបឃិតគ្នា សាងសង់សំណង់ផ្សេងៗ រំលោភបំពានលើដីសមុទ្រ ក៏ដូចជាអូរ ដីបឹង ឬដីផ្លូវសាធារណៈជាដើម៕






