ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើឲ្យលោក JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ជួយជំរុញទីក្រុងសិនជិន ប្រទេសចិន ក្នុងការរៀបចំប្លង់គោលខេត្តព្រះសីហនុ និងជួយសម្រប សម្រួលការបណ្តុះបណ្តាលធនធានមនុស្សក្នុងការធ្វើផែន ការបានទៅសិក្សានៅទីក្រុងសិនជិន។
ជាមួយគ្នាអភិបាល ខេត្តក៏ស្នើពន្លឿនការនាំយកម៉ាស៊ីនវិភាគរកមេរោគកូវីដ-១៩ មកកាន់ខេត្តព្រះសីហនុ ព្រោះយើងកំពុងជម្រុញការសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ឱ្យបានឆាប់រួចរាល់។
សព្វថ្ងៃយើងបានយកសំណាកទៅវិភាគនៅរាជធានីភ្នំពេញ វាជួបហានិភ័យច្រើន និងខាតពេលវេលា។ សូមរដ្ឋាភិបាលចិនបន្តជួយគាំទ្រការសាងសង់មន្ទីរ ពេទ្យនៅខេត្តព្រះសីហនុ ដែលមានមន្ត្រីជំនាញបច្ចេកបរទេសចុះមកធ្វើការសិក្សាកន្លងមក ព្រោះវាមានអត្ថប្រយោជន៍ និងគុណតម្លៃដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ខេត្តព្រះសីហនុមានកំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញចេញ-ចូលឆ្លងកាត់ ៧០ភាគ រយនៃទំនិញនៅទូទាំងប្រទេស រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។ កន្លងមករាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហ ប្រតិបត្តិការជាមួយប្រទេសជប៉ុន កសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅដំណាក់កាលទី១ និងទី២ សម្រាប់នាវាដែលមានជម្រៅទឹក ១៣,៥០ ម៉ែត្រ ចូលចត និងផ្តល់ឱកាសប្រកួតប្រជែងតម្លៃដឹកជញ្ជូនផ្លូវសមុទ្រ។
រាជរដ្ឋាភិបាល គ្រោងនឹងអភិវឌ្ឍន៍កំពង់ផែដំណាក់កាលទី៣ និងទី៤ ឱ្យនាវាមានជម្រៅទឹក១៨ម៉ែត្រ ធ្វើចរាចរណ៍តាមសមុទ្រចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយតម្លៃនៃការដឹកជញ្ជូនមានតម្លៃថោក ហើយជាឱកាសដល់អ្នកវិនិយោគបង្កើនកំណើនការងារប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។
ខេត្តមានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់ ៣,៤០០ម៉ែត្រ អាចឱ្យយន្តហោះធន់ធំចុះចតបាន ក្រុមហ៊ុនកំពុងតែជំរុញសាងសង់ស្ថានីយអ្នកដំណើរ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២២ ។
ខេត្តមានផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ សម្រេចការសាងសង់បានជាង ៣០ភាគរយ គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ ២០២២ ។ ខេត្តមានផ្លូវដែកតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ក៏ប៉ុន្តែវាមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍរបស់កម្ពុជា។
ឯកឧត្តមសង្ឃឹមថា លោកប្រធានការិយាល័យកុងស៊ុលចិន នឹងជួយរកដៃគូរជម្រុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ព្រោះផ្លូវដែក នៅប្រទេសចិនឈរលំដាប់លេខ១ ម្យ៉ាងទៀតការដឹកជញ្ជូនតាមផ្លូវដែកមានតម្លៃទាប កាត់បន្ថយគ្រោះថ្នាក់ និងការខូចខាតផ្លូវជាដើម ផ្លូវដែក ក៏បានចូលរួមចំណែកបង្កើនកំណើនសេដ្ឋកិច្ចនៅកម្ពុជាផងដែរ ។
លោក JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រទេសចិនគាំទ្រពេញទំហឹងដល់ខេត្តព្រះសីហនុ និងកិច្ចសហប្រតិបត្តិការក្នុងការជួយជំរុញការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះ សីហនុ ក៏ដូចជាម៉ាស៊ីនវិភាគជំងឺរកមេរោគកូវីដ-១៩ ទន្ទឹមនោះយើងត្រូវពង្រីកវប្បធម៌ អរិយធម៌ ពិសេសការទំនាក់ទំ នងរវាងប្រជាជន និងប្រជាជនទាំងពីរ គាំទ្រភាពជាបងប្អូន និងបន្តជំរុញអ្នកវិនិយោគចិនមកខេត្តព្រះសីហនុ ដើម្បីកំណើនការងារសម្រាប់ប្រជាជនខេត្តព្រះសីហនុ និងសន្យាគាំទ្រការបណ្តុះបណ្តាលភាសាចិននៅខេត្តព្រះសីហនុផងដែរ៕
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ






