ខេត្តព្រះសីហនុ ៖ រយៈកាលកន្លងមកសង្គេតឃើញថា ការដ្ឋានសំណង់ជាច្រើនមិនបានធ្វើរបងហ៊ុំពទ្ធ័ និងរៀបចំទុកដាក់សម្ភារៈសំណង់អោយបានត្រឹមត្រូវនៅឡើយ ដោយពួកគេបានដាក់រាយប៉ាយពាសពេញចំណីផ្លូវ។ បញ្ហានេះបានធ្វើអោយខូចសោភ័ណ្ឌភាព និងសណ្តាប់សាធារណៈក្នុងទីក្រុង និងបណ្តាលអោយមានការរិៈគន់ពីសារធារណជន និងភ្ញៀវទេសចរជាបន្តបន្ទាប់។
ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានព្រមានធ្ងន់ៗថា៖ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះទៅ បើម្ចាស់ការដ្ឋានសំណង់ណា ដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស និងការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយបន្តធ្វើប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់ នឹងចាត់វិធានការក្តៅ និងអាចឈានដល់បិទការដ្ឋានតែម្តង។ ការព្រមាននេះដែរត្រូវបានធ្វើឡើង ក្នុងឱកាសនៃកិច្ចប្រជុំមួយ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមវត្តមានមន្ត្រីក្រោមឱវាទ មកពីគ្រប់មន្ទីរ អង្គភាព ជាច្រើនរូបចូលរួមផងដែរ។
ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានចំណាយពេលអប់រំណែនាំជាបន្តបន្ទាប់ តែមានម្ចាស់ការដ្ឋានសំណង់ខ្លះ ហាក់មិនបានចូលរួមសហការជាមួយរដ្ឋបាលខេត្តសោះ ហេតុនេះចាប់ពីថ្ងៃទី២០ ខែធ្នូ ២០១៨នេះតទៅ នឹងប្រើកំលាំងគណៈបញ្ជាការ ឯកភាពខេត្តតែម្តង ដើម្បីចាត់ការដោយលែងយោគយល់ទៀតឡើយ។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានរំលឹកអោយមន្ត្រីមានសមត្ថកិច្ច ត្រូវរួមគ្នាបំពេញការងារនេះអោយបានពេញដៃ ពេញជើង ដើម្បីធានាប្រសិទ្ធភាពខ្ពស់។ តែទន្ទឹមនេះដែរ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរក្រុមហ៊ុនសំណង់មួយ ឈ្មោះ DC View ថា ក្រុមហ៊ុនមួយនេះបានរៀបចំគ្រប់គ្រងការដ្ឋានសំណង់របស់ខ្លួនបានល្អប្រសើរ។ រដ្ឋបាលខេត្តព្រះសីហនុ ក៏គ្រោងនឹងផ្តល់លិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុននេះផងដែរ៕ មនោរៀ






