កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័នានា ទើបតែបញ្ចប់ទៅនៅថ្ងៃទី១៤ខែវិច្ចិកាឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំដោយសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២នេះ បានទទួលជោគជ័យយ៉ាងធំធេងនិងបានធ្វើឲ្យកិត្យានុភាពរបស់កម្ពុជាកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិនិងជាកិត្តិយសដ៏ធំសម្បើមសំរាប់ប្រជាជនកម្ពុជាទាំងមូល។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី១៥ខែវិច្ឆិកា នេះ ឯ.ឧ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៏ជាតិ និង អន្តរជាតិនៅរាជធានីភ្នំពេញក្នុងអំឡុងខែតុលានិងខែវិច្ឆិកាឆ្នាំ២០២២នេះ បានធ្វើឲ្យិពិភពលោកសម្លឹងមើលមកកម្ពុជា ជាប្រទេសតូចតែមានសមត្ថភាពខ្ពស់ ក្នុងដំណើរការរៀបចំកិច្ចប្រជុំធំៗជាច្រើន ក្នុងនាមប្រធានអាស៊ាន និងធ្វើជាម្ចាស់ផ្ទះ ធានាបាននូវសន្តិសុខ សុវត្ថិភាព ការពារមេដឹកនាំកំពូលៗពិភពលោកបានយ៉ាងល្អប្រសើរ រួមទាំងការរៀបចំកែលំអរសោភ័ណ្ឌភាព ហេដ្ឋារចនាសម្ពន្ធ័ ក្នុងរាជធានីភ្នំពេញ ឲ្យស្រស់បំព្រង ដើម្បីទទួលស្វាគមន៏ប្រតិភូ សំរាប់កិច្ចប្រជុំកំពូលអាស៊ាននេះផងដែរ។
ឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចែករំលែកនូវភាពជោគជ័យក្នុងការចូលរួមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័របស់រាជធានីភ្នំពេញដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏មានសំខាន់នេះ។
ឯ.ឧ អភិបាល បានលើកឡើងថា ប៉ុន្មានថ្ងៃមកនេះកម្ពុជាយើងបានទទួលប្រតិភូនៃប្រទេសមហាអំណាចនិងបានផ្តល់កិច្ចការពារសុវត្ថិភាពជូនប្រតិភូ ដោយដោយទទួលបានការកោតសរសើរពីថ្នាក់ ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនាពីការរក្សាការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈនិង អនាម័យ បរិស្ថាន បានយ៉ាងល្អប្រសើរ។ នេះជាកិត្តិយសដ៏ធំធេងសំរាប់កម្ពុជា និងសំរាប់រាជធានីភ្នំពេញផងដែរ។
ឯ.ឧ អភិបាលរាជធានីភ្នំពេញបានបន្តទៀតថា៖ រាជធានីភ្នំពេញ នៅមានភារកិច្ចសំខាន់ត្រូវច្រើនទៀតដែលត្រូវធ្វើបន្តទៀតនាពេលដ៏ខ្លីខាងមុខនោះគឺធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលក្រុងអាស៊ានបន្តទៀត។
ពាក់ពន្ធ័នឹងការងាររដ្ឋបាលមួយចំនួនទៀត ឯ.ឧបានស្នើសុំឱ្យមានការតំរង់ទិសតាមមន្ទីរពាក់ពន្ធ័ ក៏ដូចអាជ្ញាធរដែនដីគឺត្រូវពិនិត្យខ្លឹមសារឲ្យបានច្បាស់លាស់ មុននឹងបញ្ចេញរបាយការណ៏មកខាងក្រៅ៕ ដោយ៖ សំអាត និង ពិសិដ្ឋ






