ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ចំនួន ៤៣នាក់ ជាមួយនិងការផ្តល់អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោយពីពួកគាត់យកអស់កម្លាំងកាយចិត្ត ក្នុងប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤កន្លងមកនេះ។
ពិធីនេះត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ហើយចំពោះកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ដែលចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចំនួន ៤៣នាក់ ក្នុងម្នាក់ៗទទួលបាន៖ ថវិកា ២០០.០០០រៀល អង្គរ ២៥ គីឡូក្រាម មី០១ កេសតូចនិងទឹកសុទ្ធ ០១ កេស។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូច (ង៧០) បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃ ទាំងយប់នៅក្នុងមូលដ្ឋានសង្កាត់ទាំង១០៥ និងតាមសហគមន៌នានាទូទាំងរាជធានីភ្នំពេញ។
តាមរយៈយុទ្ធនាការបាញ់ថ្នាំមូសសម្លាប់មូស នារយៈពេលប៉ុន្មានថ្ងៃមកនេះ ពិតជាទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះក៏បានអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះក្រុមការងារកងពលតូច ង៧០ ដែលបានសហកាជាមួយ ក្រុមការងាររដ្ឋបាល ចុះបាញ់ថ្នាំសម្លាប់មូសនៅតាមភូមិ សង្កាត់ ទាំង១០៥ នៃខណ្ឌទាំង១៤ និងតាមសហគមន៍ ដែលបានចាប់ផ្ដើមកាលពីថ្ងៃ ទី១៧ ខែសីហា និងបានបញ្ចប់រួចរាល់ទាំងស្រុង កាលពីថ្ងៃទី២៦ ខែសីហា ២០២៤នេះ៕ ពិសិដ្ឋ






